ខ្សែប្រយុទ្ធអេស៊ីប Mohamed Salah នៅតែជាកីឡាកររបស់ហង្សក្រហម Liverpool ដដែល ស្របពេលដែលទីផ្សារទិញកីឡាករចូលនៅក្របខណ្ឌលីគអារ៉ាប៊ីសាអ៊ូឌីត Saudi Pro League បានបិទបញ្ចប់។
Liverpool ធ្លាប់បានបដិសេធសំណើ ១៥០ លានផោនចប់បានកីឡាករវ័យ ៣១ ឆ្នាំរូបនេះពី Al-Itthad កាលពីសប្តាហ៍មុន ស្របពេលដែលមានដំណឹងមួយទៀតថា Al-Ittihad Al-Ittihad ហ៊ានឱ្យប្រាក់ឈ្នួល Salah ច្រើនជាងគេនៅ Saudi Pro League រឺលើស Cristiano Ronaldo ទៅទៀត។

ជុំវិញរឿងផ្ទេរនេះដែរអ្នកចាត់ការ Liverpool លោក Jurgen Klopp ធ្លាប់បាននិយាយក្នុងសន្និសីទសារព័ត៌មានក្រោយឈ្នះ Aston Villa ៣-០ សប្តាហ៍មុនថា ទំរង់លេងរបស់ Mohamed Salah បានបញ្ជាក់ច្បាស់ថា គេប្តេជ្ញាចិត្តស្ម័គ្រស្មោះជាមួយ Liverpool។
កីឡាករវ័យ ៣១ ឆ្នាំ Mohamed Salah បានមកកាន់ Liverpool តាំងពីឆ្នាំ ២០១៧ ផ្ទេរពី Roma នៅសល់កិច្ចសន្យា ២ ឆ្នាំទៀតជាមួយ Liverpool បន្ទាប់ពីទើបចុះកិច្ចសន្យាថ្មីរដូវកាលមុន។

គិតមកដល់ពេលនេះ Salah បានស៊ុតបញ្ចូលទី ១៨៨ គ្រាប់ហើយ បូកនឹង ៧៦ បាល់បញ្ជូនក្នុងការបង្ហាញខ្លួន ៣០៩ ប្រកួតឱ្យ Liverpool ឈ្នះពាន English Premier League, UEFA Champions League, FA Cup, League Cup, FIFA Club World Cup និង UEFA Super Cup។
Liverpool រដូវកាលនេះបាត់បង់កីឡាករជាច្រើនដែលបានចាកចេញរួមមាន James Milner, Alex Oxlade-Chamberlain, Naby Keita, Fabinho និង Jordan Henderson។
ចំណែក Al-Ittihad របស់អារ៉ាប៊ីសាអ៊ូឌីតរដូវក្តៅនេះបាននាំយក Karim Benzema, Fabinho, N’Golo Kante និង Jota ពី Celtic៕ អត្ថបទ៖នាង សុភាវុធ