ភ្លើងឆេះព្រៃទ្រង់ទ្រាយធំ បានឆាបឆេះតំបន់អភិរក្សព្រៃឈើរាប់ពាន់ហិចតានៅប្រទេសបូលីវី ស្របពេលដែលក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ កំពុងព្យាយាមពន្លត់អណ្តាតភ្លើង ។
រូបភាពវីដេអូឃ្លីបថតបានអណ្តាតភ្លើងកំពុងឆាបឆេះតំបន់អភិរក្សព្រៃឈើ Nembi Guasu ។

យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ដីព្រៃទំហំជាង ៥ពាន់ហិចតា ត្រូវបានបំផ្លិចបំផ្លាញដោយសារភ្លើងឆេះព្រៃ ។ តំបន់អភិរក្សព្រៃឈើ Nembi Guasu ស្ថិតនៅក្នុងចំណោមតំបន់ចំនួន ៣ដែលកើតមានករណីភ្លើងឆេះព្រៃដ៏សកម្ម នៅតំបន់ Santa Cruz ។
ឧទ្ធម្ភាគចក្រ ត្រូវបានប្រើប្រាស់ ដើម្បីជួយក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ និងក្រុមអាជ្ញាធរនៅដី ។
លោក Israel Riveraគឺជាមន្រ្តីរដ្ឋបាលក្រុង San José de Chiquitos និយាយថា ពួកយើងបានកាត់បន្ថយភ្លើងឆេះព្រៃ ពេលដែលពួកយើងព្យាយាមពន្លត់វា ប៉ុន្តែក្រោយមក ភ្លើងឆេះព្រៃថ្មីក៏បានចាប់ផ្តើមកើតមាននៅផ្នែកម្ខាងទៀត ។
លោកបន្តថា ពួកយើងមានការព្រួយបារម្ភខ្លាំងណាស់ចំពោះសហគមន៍កសិកម្ម ដែលទើបបង្កើតឡើងកាលពីពេលថ្មីៗនេះ ដោយសារតែពួកគេពុំអាចគ្រប់គ្រងស្ថានការការងាររបស់ពួកគេបានទេ ជាមួយនឹងភ្លើងឆេះព្រៃបែបនេះ ៕
