ក្រុមអាជ្ញាធរវៀតណាមបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៧ កញ្ញា)ថា រដ្ឋាភិបាលនៃប្រទេសវៀតណាម និងហ្វីលីពីន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអង្ករក្នុងពេលឆាប់ៗនេះ ដើម្បីធានាសន្តិសុខស្បៀង។

កិច្ចព្រមព្រៀងនេះ កើតឡើងស្របពេលតម្លៃអង្ករកំពុងកើនឡើងក្នុងប្រទេសហ្វីលីពីន ដែលជំរុញអតិផរណានៅក្នុងប្រទេស ខណៈតម្លៃប្រេងឥន្ធនៈឡើងថ្លៃ ទោះបីជារដ្ឋាភិបាលនិយាយថាការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិក្នុងស្រុកមានច្រើនហើយក៏ដោយ។
ព័ត៌មានស្តីពីកិច្ចព្រមព្រៀងនេះ បានកើតឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយបន្ទាប់ពីនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh( ផាម មិញ ជិញ) និងប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានជួបគ្នានៅក្រៅវេទិកាកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី ប៉ុន្តែពុំមានព័ត៌មានលម្អិតបន្ថែមទៀតនោះទេ។
វៀតណាម ធ្លាប់ជាប្រទេសនាំចេញអង្ករធំជាងគេទី៣ របស់ពិភពលោកកាលពីឆ្នាំមុនបន្ទាប់ពីឥណ្ឌា និងថៃ ហើយហ្វីលីពីនគឺជាអ្នកទិញធំបំផុតរបស់ប្រទេសនេះ ដោយបំពេញតម្រូវការនាំចូលជិត៩០% របស់ខ្លួន។ លោក Marcos ដែលជាលេខាធិការកសិកម្មហ្វីលីពីនផងដែរនោះ បានស្វាគមន៍ការផ្តល់ជូនរបស់ប្រទេសជិតខាងមួយនេះ នៃកិច្ចព្រមព្រៀងផ្គត់ផ្គង់រយៈពេលប្រាំឆ្នាំ។
តម្លៃអង្ករពិភពលោកបានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល១៥ឆ្នាំ បន្ទាប់ពីប្រទេសឥណ្ឌាដែលមានពាណិជ្ជកម្មអង្ករច្រើនជាង៤០% របស់ពិភពលោក បានបញ្ជាឱ្យផ្អាកចំពោះប្រភេទនៃការនាំចេញដ៏ធំបំផុតរបស់ខ្លួនកាលពីខែកក្កដា ក្នុងគោលបំណងធ្វើឱ្យតម្លៃអង្ករក្នុងស្រុកធ្លាក់ចុះ៕
