ភ្នំពេញ៖ ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋកូរ៉េ ឯកឧត្តម គីមជីនលូ (KmJr-Pyo) បានប្រកាសថា កូរ៉េនឹងបន្តជួយជ្រោមជ្រែងដល់កម្ពុជា ដើម្បីសម្រេចនូវគោលដៅជាយុទ្ធសាស្ត្រក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ ឆ្នាំ២០៥០ ហើយនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីគុណប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរ។
ការលើកឡើងរបស់ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋកូរ៉េ គឺបានធ្វើឡើងនៅក្នុងកិច្ចជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជា ជនកម្ពុជា នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះ នាវិមាន៧មករា។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចជំនួបបានឲ្យដឹងថា នៅក្នុងកិច្ចជំនួបនេះឯកឧត្តមប្រធានរដ្ឋសភាកូរ៉េ បានថ្លែងកោតសរសើរ សម្តេចតេជោ អំពីភាពដឹកនាំការទូតដ៏ឈ្លាសវៃ និងស្នើសុំឱ្យសម្តេចតេជោ បន្តចូលរួមគិតគូរអំពីសន្តិភាពដ៏យូរអង្វែងនៅក្នុងតំបន់ និងពិភពលោកទៀតផងដែរ។
ឯកឧត្តមប្រធានរដ្ឋសភាកូរ៉េ បានបញ្ជាក់ថា« ភាគីកូរ៉េនឹងបន្តជួយជ្រោមជ្រែងភាគីកម្ពុជា ដើម្បីសម្រេចនូវ គោលដៅជាយុទ្ធសាស្ត្រក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ ឆ្នាំ២០៥០»។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការលើកទីមួយ ក្នុងនាមជាប្រធានរដ្ឋសភាសាធារណរដ្ឋកូរ៉េ របស់គីម ជីនព្យូ។ក្នុងនាមជាស្ថាបនិកនៃការតភ្ជាប់ឡើងវិញ ទំនាក់ទំនងកម្ពុជា-កូរ៉េ សម្តេចតេជោក៏បានថ្លែងអំណរគុណចំពោះរដ្ឋសភា រដ្ឋាភិបាល និងប្រជាជនកូរ៉េ ជាពិសេសឯកឧត្ដម គីម ជីនព្យូ ដែលបានរួមចំណែកក្នុងការដាក់ឱ្យដំណើរការនូវគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការផ្តល់ឥណទានកម្ចីសម្បទាន EDCF ចាប់តាំងពីឆ្នាំ២០០១។
នៅក្នុងកិច្ចជំនួបនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីទំនាក់ទំនងល្អជាប្រវត្តិសាស្ត្រ និងថ្លែងអំណរគុណ ចំពោះភាគីមិត្ត ដែលបានជួយកម្ពុជាក្នុងគ្រាលំបាក រួមទាំងការស្ដារសេដ្ឋកិច្ចសង្គមឡើងវិញ ក្រោយសង្គ្រាមស៊ីវិលអស់រយៈពេលជាយូរ។ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលាបណ្តុះបណ្តាលបច្ចេកទេស ពិសេសស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលគ្រោងនឹងសាងសង់ ឆ្លងកាត់ទន្លេសាប និងទន្លេមេគង្គ គឺជានិមិត្តរូប នៃសាមគ្គីភាពដ៏អស្ចារ្យរវាងប្រទេសទាំងពីរផងដែរ។
បើតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងផងដែរថា នៅក្នុងកិច្ចជំនួបខាងលើនេះភាគីទាំងពីរបានផ្តល់តម្លៃលើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរជឿជាក់សម្រាប់កិច្ចសហប្រតិបត្តិការ អាស៊ាន-កូរ៉េនិងមេគង្គ-កូរ៉េ។ ភាគីទាំងពីរអបអរសាទរចំពោះសមិទ្ធផលរួម ដែលសម្រេចបានក្នុង ការអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ទោះក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ។ ភាគីទាំងពីរនឹងជម្រុញឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ បន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងបង្កើតឡើងនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីជាប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ៕អត្ថបទ៖ បាន ចក់



