ក្រិក ៖ ទូរទស្សន៍ជាតិក្រិក ERT បានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅភាគកណ្តាលនៃប្រទេសក្រិក ក្នុងសប្តាហ៍នេះបានកើនឡើងដល់៦នាក់ហើយ ដោយសាកសពស្ត្រីចំណាស់ពីរនាក់ ត្រូវបានគេរកឃើញនៅក្នុងតំបន់ Thessaly កាលពីរសៀលថ្ងៃព្រហស្បតិ៍ (៧ កញ្ញា)។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការពារជនស៊ីវិល និងវិបត្តិអាកាសធាតុក្រិក លោក Vassilis Kikilias បានបញ្ជាក់ពីការស្លាប់របស់មនុស្ស៤នាក់ និងមនុស្ស៦នាក់ផ្សេងទៀតបាត់ខ្លួន។
អ្នករួចជីវិតពីទឹកជំនន់ត្រូវបានក្រុមសង្គ្រោះ ជម្លៀសចេញតាមយន្តហោះពីលំនៅឋានលិចទឹករបស់ពួកគេ ខណៈដែលព្យុះ Daniel បានបន្តវាយលុកកណ្តាលប្រទេសក្រិក។ ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានការជម្លៀសមនុស្សរាប់រយនាក់ បំណាក់ដី បំផ្លាញអគារ និងរថយន្តរាប់សិបគ្រឿងនៅក្នុងប្រទេសនេះផងដែរ៕

