អ៊ុយក្រែន ៖ លោក Dmytro Lubinets គឺជាស្នងការសិទ្ធិមនុស្សអ៊ុយក្រែន បានអំពាវនាវឲ្យមានសំពាធបន្ថែមទៀតពីអន្តរជាតិលើទីក្រុងម៉ូស្គូ ដើម្បីជួយទីក្រុងគីវ នាំយកកុមារអ៊ុយក្រែនរាប់ម៉ឺននាក់មកប្រទេសកំណើតរបស់ពួកគេវិញ ។
លោក Lubinets បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័របែបនេះ រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយអនីតិជនជាច្រើននាក់ បានជួបជុំជាមួយឪពុកម្តាយរបស់ពួកគេវិញនៅតំបន់ភាគខាងលិចអ៊ុយក្រែនកាលពីចុងសប្តាហ៍កន្លងទៅ ក្រោយធ្វើដំណើរពីប្រទេសរុស្ស៊ី និងតំបន់គ្រប់គ្រងដោយរុស្ស៊ី មកកាន់ផ្ទះរបស់ពួកគេវិញ ។
លោកនិយាយថា សំពាធអន្តរជាតិលើសហព័ន្ធរុស្ស៊ី កំពុងមានប្រសិទ្ធិភាព ហេតុដូច្នេះហើយ ពួកយើងត្រូវការអ្វីថ្មី អ្វីដែលខ្លាំងជាងនេះ ។
លោក Lubinets និយាយថា ទីក្រុងគីវ បានបញ្ជាក់ផ្ទៀងផ្ទាត់កុមារជិត ២ម៉ឺននាក់ ត្រូវបានគេនិរទេសខ្លួន ហើយក្រុមមន្រ្តីរុស្ស៊ី បាននិយាយថា មានកុមាររាប់ម៉ឺននាក់ កំពុងរស់នៅក្នុងប្រទេសរុស្ស៊ី ។
សូមបញ្ជាក់ថា តុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) បានចោទប្រកាន់ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន និងស្នងការសិទ្ធិកុមាររុស្ស៊ីលោកស្រី Maria Lvova-Belova ពីបទឧក្រិដ្ឋកម្មនិរទេសដោយខុសច្បាប់កុមាររាប់ពាន់នាក់ចេញពីប្រទេសអ៊ុយក្រែន ។
ទីក្រុងម៉ូស្គូ ដែលបានវាយលុកកាលពីខែកុម្ភៈ ឆ្នាំ ២០២២ បានច្រានចោលម្តងហើយម្តងទៀតថា កងកម្លាំងរបស់ពួកគេពុំបានប្រព្រឹត្តបទឧក្រិដ្ឋនោះទេ ឬចាប់កុមារអ៊ុយក្រែនទាំងបង្ខំ ។ ពួកគេនិយាយថា ពួកគេបញ្ជូនកុមារអ៊ុយក្រែនទៅកាន់រុស្ស៊ី គឺដើម្បីការពារពួកគេពីសង្រ្គាមនៅលើដី ៕

