អាល្លឺម៉ង់ ៖ ក្រុមហ៊ុន H2FLY ដែលជាក្រុមហ៊ុនអភិវឌ្ឍដំណោះស្រាយអាកាសចរណ៍ផ្តោតសំខាន់លើអ៊ីដ្រូសែនមានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់ សម្រេចបានការងារធំរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ដោយបញ្ចប់ការហោះហើរជាសាធារណៈលើកដំបូងរបស់យន្តហោះអគ្គិសនីដើរដោយថាមពលអ៊ីដ្រូសែនរាវ ។
លោក Josef Kallo គឺជាប្រធានប្រតិបត្តិ និងជាស្ថាបនិកបង្កើតក្រុមហ៊ុន H2FLY និយាយថា វាគឺជារបកគំហើញបច្ចេកវិទ្យាចុងក្រោយគេដែលត្រូវការបង្ហាញថា អាកាសចរណ៍ដើរដោយថាមពលអ៊ីដ្រូសែន គឺអាចធ្វើបាន ។
យន្តហោះបង្ហាញ HY4 ដើរដោយប្រព័ន្ធជំរុញកោសិកាឥន្ធនៈអគ្គិសនីអ៊ីដ្រូសែន និងអ៊ីដ្រូសែនរាវស្តុកក្នុងសីតុណ្ហភាពទាបបំផុត ។
ដោយប្រើប្រាស់អ៊ីដ្រូសែនរាវជំនួសអ៊ីដ្រូសែនឧស្ម័ន រយៈចម្ងាយអតិបរមារបស់យន្តហោះ បានកើនឡើងទ្វេដងពី ៧៥០គ.ម ដល់ ១.៥០០គ.ម ពោលគឺល្មមអាចហោះហើរពីទីក្រុងប៉ារីស របស់ប្រទេសបារាំង រហូតដល់ទីក្រុងលីស្បុនរបស់ប្រទេសព័រទុយហ្គាល់ ដែលមានចម្ងាយពីគ្នា ១.៤៥៣គ.ម ។
លោក Kallo មានជំនឿថា ការរីកចម្រើនមួយនេះ នឹងអាចផ្លាស់ប្តូរអនាគតអាកាសចរណ៍ ។ លោកថា យន្តហោះដើរដោយថាមពលអ៊ីដ្រូសែនរាវ នឹងជំរុញផងដែរការហោះហើរដោយគ្មានការបំភាយឧស្ម័ន ជាពិសេសអ៊ីដ្រូសែនរាវ អាចផលិតពីថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ ៕

