ឥណ្ឌូណេស៊ី ៖ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានអំពាវនាវឲ្យក្រុមមេដឹកនាំពិភពលោកដកខ្លួនចេញពីការប្រឈមដាក់គ្នា ស្របពេលដែលពួកគេជួបជុំគ្នានៅកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងសន្តិសុខដែលធ្វើម្ចាស់ផ្ទះដោយប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ។
អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris នាយករដ្ឋមន្រ្តីចិនលោក Li Qiang និងរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov បានចូលរួមកិច្ចប្រជុំកំពូលអាស៊ានដែលរៀបចំឡើងនៅក្នុងរដ្ឋធានីហ្សាកាតា របស់ប្រទេសឥណ្ឌូនេស៊ី ជាមួយនឹងក្រុមដឹកនាំប្រទេសដៃគូដទៃទៀត ។
ភាពតានតឹងបានកើតមាននៅក្នុងកិច្ចប្រជុំលើបញ្ហាជាច្រើនចាប់ពីបញ្ហាពាណិជ្ជកម្ម និងបច្ចេកវិទ្យារហូតដល់ការវាទទីកើនឡើងរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង ការបដិសេធន៍របស់របបសឹកមីយ៉ាន់ម៉ា ពុំចូលរួមកិច្ចសហប្រតិបត្តិការជាមួយអាស៊ានលើផែនការសន្តិភាព សង្រ្គាមនៅអ៊ុយក្រែន និងភាពមន្ទិលសង្ស័យថា កូរ៉េខាងជើងមានផែនការផ្តល់អាវុធដល់រុស្ស៊ី ។
ប្រទេសឥណ្ឌូនេស៊ី និងប្រទេសសមាជិកអាស៊ានផ្សេងទៀតបានព្រមាននៅក្នុងសប្តាហ៍នេះថា ការប្រកួតប្រជែងបំផ្លិចបំផ្លាញរវាងប្រទេសមហាអំណាច ដែលសំដៅលើភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន នឹងធ្វើឲ្យពួកគេស្ថិតក្នុងគ្រោះថ្នាក់ ៕

