ឥណ្ឌា ៖ ប្រទេសឥណ្ឌា បានបង្កើនសន្តិសុខនៅក្នុងរដ្ឋធានីញូវដែល្លី ជាមួយនឹងបច្ចេកវិទ្យាខ្ពស់ និងកងកម្លាំងរាប់ម៉ឺននាក់ ស្របពេលដែលពួកគេត្រៀមធ្វើជាម្ចាស់ផ្ទះក្រុមមេដឹកនាំដ៏មានអំណាចបំផុតនៅលើពិភពលោកនៅកិច្ចប្រជុំកំពូលក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ G20 ។លោក Dependra Pathakគឺជាស្នងការពិសេសនគរបាលក្រុងដែល្លី ដែលទទួលបន្ទុកការរៀបចំសន្តិសុខទីក្រុង និយាយថា ទីក្រុងមួយនេះ នឹងត្រូវការពារដោយកងកម្លាំងសន្តិសុខជិត ១៣ម៉ឺននាក់ រួមទាំងក្រុមនគរបាល ៨ម៉ឺននាក់ ។
លោកថា កងកម្លាំងរាប់ម៉ឺននាក់ មកពីសេវាកម្មសន្តិសុខរដ្ឋាភិបាលផ្សេងទៀត ដែលរួមទាំងឆ្មាំជាតិ និងកងកម្លាំងសន្តិសុខព្រំដែន នឹងត្រូវរក្សាច្បាប់ និងសណ្តាប់ធ្លាប់ទីក្រុង ។
កិច្ចប្រជុំកំពូលរយៈពេល ២ថ្ងៃដែលចាប់ផ្តើមនៅថ្ងៃសៅរ៍ស្អែកនេះ នឹងមានបញ្ជីឈ្មោះភ្ញៀវកិត្តិយសជាន់ខ្ពស់បំផុតមិនធ្លាប់ដែលស្វាគមន៍ ចាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden រហូតដល់នាយករដ្ឋមន្រ្តីអង់គ្លេស លោក Rishi Sunak និងព្រះចៅអធិករាជអារ៉ាប៊ីសាអូឌីតគឺព្រះអង្គម្ចាស់ Mohammed Bin Salman ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីចិនលោក Xi Jinping ទំនងជាពុំមកចូលរួមកិច្ចប្រជុំមួយនេះឡើយ ។ នេះបើយោងតាមប្រភពព័ត៌មានពីទីក្រុងប៉េកាំង និងទីក្រុងញូវដែល្លី បានឲ្យដឹង ៕

