ភ្នំពេញ៖ សហគ្រិនខ្មែរ សហការជាមួយ Expert Leadership Innovation Exchange (ELIX) ដែលជាដៃគូអនុវត្តគម្រោងអភិវឌ្ឍន៍កម្លាំងពលកម្មឌីជីថលរបស់ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (USAID) និងសាកលវិទ្យាល័យ Carlifornia Berkeley's Hass Bussiness School Faculty និង Reactor School ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសសិង្ហបុរីដែលមានឯកទេស ក្នុងការអប់រំសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជនអាយុក្រោម ៣០ឆ្នាំ បានប្រកាសបើកដំណើរការកម្មវិធីសហគ្រិនភាពចំនួន២ សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រ ក្នុងគោលបំណងពង្រឹងប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព និងនវានុវត្តន៍នៅកម្ពុជា។
គំនិតផ្តួចផ្តើមនេះ នឹងសហការរួមគ្នាជាមួយគ្រឹះស្ថានឧត្តមសិក្សាចំនួន៨ នៅទូទាំងប្រទេស រួមមាន៖សាកលវិទ្យាល័យជាតិគ្រប់គ្រង, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, សាកលវិទ្យាល័យអាស៊ីអាគ្នេយ៍, សាកលវិទ្យាល័យស្វាយរៀង, វិទ្យាស្ថានពាណិជ្ជសាស្ដ្រអេស៊ីលីដា, សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ, សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ។
ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិ នៃសហគ្រិនខ្មែរ នៅក្រោយចប់ពិធីចុះហត្ថលេខា កាលពីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានមានប្រសាសន៍ប្រាប់បណ្តាញអ្នកសារព័ត៌មានថា កម្មវិធីសហគ្រិនមហាវិទ្យាល័យ គឺជាកម្មវិធីសហគ្រិនភាពដែលគាំទ្រដល់និស្សិតសាកលវិទ្យាល័យ តាមរយៈការផ្ដល់ជាឧបករណ៍ ការប្រឹក្សា និងការណែនាំ ដើម្បីប្រែក្លាយគំនិតចាប់ផ្តើម អាជីវកម្មរបស់ពួកគេឲ្យក្លាយជាការពិត ដែលត្រូវបានអនុវត្តដោយ Reactor School។ ឯកឧត្តមបន្តថា កម្មវិធីនេះមាន គោលបំណងបណ្តុះបណ្តាលនិស្សិតសាកលវិទ្យាល័យប្រមាណ ១២០នាក់ គាំទ្រក្នុងការបង្កើតគំនិតធុរកិច្ចថ្មី ដែលស្ថិតក្នុងដំណាក់កាលដំបូងចំនួន៣០ និងបំពាក់បំប៉នគ្រូចំនួន ២០នាក់លើជំនាញ និងចំណេះដឹងសំខាន់ៗ ទាក់ទងនឹងសហគ្រិនភាព។
ឯកឧត្តមបណ្ឌិត បានលើកឡើងបន្តថា កម្មវិធី Entrepreneurship Lean Launchpad និងកម្មវិធីសហគ្រិនមហាវិទ្យាល័យ ត្រូវបានរៀបចំឡើងដើម្បីជំរុញសហគ្រិនជំនាន់ថ្មីតាមរយៈការលើកកម្ពស់ ការស្រាវជ្រាវនិងនវានុវត្តន៍ដោយផ្អែកលើតម្រូវការនៃឧស្សាហកម្ម ការផ្ទេរបច្ចេកវិទ្យា និងការកសាងសមត្ថភាពសហគ្រិនចំពោះនិស្សិតសាកលវិទ្យាល័យ។ សហគ្រិនខ្មែរ នឹងសហការអនុវត្តកម្មវិធីទាំងពីរ ក្រោមភាពជាដៃគូជាមួយ ELIX និង Reactor School ដើម្បីនាំយកកម្មវិធីសហគ្រិនភាពកម្រិតសាកលវិទ្យាល័យមកជួយសហគ្រិនវ័យក្មេងក្នុងការបំប្លែងគំនិតច្នៃប្រឌិតរបស់ពួកគេទៅជាដំណោះស្រាយសមស្រប ឆ្លើយតបតម្រូវការទីផ្សារ។
លោក ប៉ែន ចាន់ដា ប្រធានផ្នែកអភិវឌ្ឍន៍ពី USAID DWD បានលើកឡើងថា តាមរយៈកម្មវិធីខាងលើ នឹងនាំយកអ្នកជំនាញការពីសាកលវិទ្យាល័យ Carlifornia Berkeley's Hass Bussiness School Faculty ដែលមានបទពិសោធន៍ក្នុងការបង្រៀនកម្មវិធីនេះទូទាំងពិភពលោក។ សម្រាប់ Launchpad គឺជាវិធីសាស្រ្ដថ្មីមួយដែលខុសប្លែកពីរបៀបបង្កើតអាជីវកម្មថ្មី ផ្សេងៗទៀត ហើយយើងសង្ឃឹមថា វិធីសាស្រ្ដនេះ អាចទាក់ទាញនិស្សិតដែលមានការគិតបែបឯករាជ្យ និងបែបនវានុវត្តន៍ ដែលនឹង អាចយកឈ្នះលើគំនិតសហគ្រិនភាពដែលមានភាពលំអៀង។
ដោយឡែក លោក Rusydi Khairul សហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Reactor Group បានឲ្យដឹងថា លោកមានសេចក្តីរំភើបរីករាយដែលបានចាប់ដៃគូជាមួយសហគ្រិនខ្មែរ ដើម្បីណែនាំយកកម្មវិធីសហគ្រិនមហាវិទ្យាល័យ ឬ UNIPRENEUR មកប្រទេសកម្ពុជា។ កិច្ចសហការនេះ នឹងផ្តល់ឲ្យអ្នកដែលមានបំណងក្លាយជាសហគ្រិននូវលទ្ធភាពទទួលបានធនធាន និងការបង្ហាត់បង្រៀនដែលមិនអាចកាត់ថ្លៃបាន និងជួយជម្រុញពួកគេឲ្យប្រែក្លាយគំនិតច្នៃប្រឌិតរបស់ពួកគេ ទៅជាអាជីវកម្មជោគជ័យ៕ ដោយ ៖ បូរ៉ាវី





