ភ្នំពេញ៖ មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ អំពាវនាវដល់គ្រឹះស្ថានពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ សហគមន៍ និងប្រជាពលរដ្ឋគ្រប់រូបជួយបង្កើនការយកចិត្តទុកដាក់ខ្ពស់បន្តទៀត លើការងារអក្ខរកម្ម ក៏ដូចជាការអប់រំទាំងអស់ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ក្នុងស្មារតី ដើម្បីបន្តការចូលរួមលើកកម្ពស់ការងារអក្ខរកម្មនៅកម្ពុជាឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត។
ថ្លែងនៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងទិវាអក្ខរកម្មជាតិអន្តរជាតិ ៨កញ្ញា លើកទី២៣ ដែលបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ " អក្ខរកម្មជាមូលដ្ឋានគ្រឹះ នៃសហគ្រិនភាព និងសង្គមសេដ្ឋកិច្ច"។
នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានលើកឡើងថា រដ្ឋបាលខេត្តព្រះវិហារ ពិតជាមានកិត្តិយសណាស់ ដែលក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ បានផ្ដល់កិត្តិយសជ្រើសរើស ឱ្យខេត្តព្រះវិហារ រៀបចំធ្វើជាម្ចាស់ផ្ទះក្នុងការប្រារព្ធទិវាអក្ខរកម្មជាតិអន្តរជាតិ ៨កញ្ញា លើកទី២៣ ដែលបានប្រារព្ធ ធ្វើឡើងក្រោមប្រធានបទ " អក្ខរកម្មជាមូលដ្ឋានគ្រឹះ នៃសហគ្រិនភាព និងសង្គមសេដ្ឋកិច្ច" ក្នុងអត្ថន័យជំរុញប្រជាពលរដ្ឋកម្ពុជាគ្រប់រូបឱ្យទទួលបានការសិក្សាពេញមួយជីវិត គ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់មធ្យោបាយសំដៅសម្រេច ឱ្យបាននូវការអភិវឌ្ឍធនធានមនុស្ស ស្របតាមទិសដៅ យុវជនម្នាក់ មានជំនាញមួយយ៉ាងតិចប្រចាំជីវិត។
ក្នុងពិធីនោះដែរឯកឧត្តម ណុះ ស្លេះ បានអានសារលិខិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ឆ្នាំ ២០២៣ ថា រាជរដ្ឋាភិបាលបាននិងកំពុងបន្តបេសកកម្មដ៏ឧត្ដុង្គឧត្ដមជាប្រវត្តិសាស្ត្ររបស់ខ្លួន ដោយបានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបម្រើប្រជាពលរដ្ឋ ពន្លឿនកិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងជំរុញអនុវត្តកំណែទម្រង់កាន់តែស៊ីជម្រៅ និងទូលំទូលាយលើគ្រប់វិស័យ។
ឯកឧត្តមបន្តថា ប្រធានបទឆ្នាំនេះ បានបញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់អក្ខរកម្មតាមគ្រប់រូបភាព និងជាការផ្ដល់ឱកាសសារជាថ្មីដល់អ្នកសិក្សា ជាពិសេសអ្នកដែលមានសេដ្ឋកិច្ចទន់ខ្សោយជនបាត់បង់ឱកាស ពលរដ្ឋក្រីក្រ កុមារ យុវជន និងជនជាតិដើមភាគតិច ដើម្បីឱ្យពួកគាត់មានសមត្ថភាពក្នុងការអាន សរសេរ គិតលេខ និងអាចដោះស្រាយបញ្ហាមួយចំនួននៅក្នុងជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង។
សារលិខិតដដែលនេះ លើកឡើងទៀតថា ជាការពិតណាស់អក្ខរកម្មជាមូលដ្ឋានគ្រឹះ នៃចំណេះដឹង និងការអប់រំ ដែលជួយមនុស្សគ្រប់រូបអាចយល់ដឹងពីប្រភេទព័ត៌មានទូទៅ និងទទួលបាននូវចំណេះដឹងថ្មីៗ ព្រមទាំងបង្កើនឱកាសក្នុងការកែលម្អគុណភាពនៃជីវិតមនុស្ស និងជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិតផងដែរ។ពោលគឺអក្ខរកម្ម បានជួយឱ្យប្រជាពលរដ្ឋ ទទួលបានការអប់រំភាសា វិទ្យាសាស្ត្រ និងវប្បធម៌ និងសេដ្ឋកិច្ច ដើម្បីឈានឆ្ពោះទៅរកការកសាងនូវមូលធនបញ្ញា និងមូលធនសង្គម សម្រាប់ជម្រុញកំណើនទិដ្ឋភាពសីលធម៌សង្គម ប្រសិទ្ធភាពការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។ នេះបើតាមសារលិខិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី៕














