បាត់ដំបង ៖ ត្រីតូចធំជាច្រើនប្រភេទ បានពុលងាប់ជាបន្តបន្ទាប់ នៅក្នុងស្ទឹងថ្វាក ស្ថិតក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដោយសារតែមានការធ្លាយនូវជាតិពុល ចេញពីរោងចក្ររបស់ក្រុមហ៊ុនចិនមួយឈ្មោះ “វ៉ាកាង” នៅបែកខាងក្រោមទំនប់ពហុបំណងសេកសក ។
បើតាមប្រជាពលរដ្ឋ ចុះស្រង់ត្រីងាប់អណ្ដែតទឹកស្ទឹង បានឲ្យដឹងថា ករណីនេះ កើតឡើងតាំងពីរសៀលថ្ងៃទី២៦ ដល់ព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ដោយសារធាតុនោះពណ៌ក្រម៉ៅ ល្អក់ បានហូរពេញស្ទឹង ដែលចេញពីរោងចក្រ ទីតាំងដែលហូរចូលនោះ បានប៉ះពាល់ដល់ឃុំចំនួន៣ គឺឃុំត្រែង ឃុំផ្លូវមាស និងឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ។
ពលរដ្ឋ បានបន្តថា មិនត្រឹមតែប៉ុណ្ណោះ ជាតិពុលនេះ ក៏បានធ្វើឲ្យត្រីក្នុងស្ទឹង បានងាប់ជាច្រើនក្បាល ខណៈសារធាតុនេះ ក៏ធ្វើឲ្យប៉ះពាល់ផងដែរ តំបន់ទេសចរណ៍ស្ទឹងថ្វាក ដែលមានអ្នកទេសចរណ៍ទៅលេង ហើយករណីនេះ ជាលើកទីពីរ ដែលជាតិពុលបានហូរចេញពីរោងចក្រចិនមួយនោះ ។
លោក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានឲ្យដឹងថា ក្រោយទទួលដំណឹងភ្លាមៗ កម្លាំងនគរបាលស្រុក និងអាជ្ញាធរឃុំ បានចុះទៅកាន់ទីតាំងរោងចក្រចិនខាងលើ ដើម្បីត្រួតពិនិត្យ គឺឃើញថា ជាតិពុលនេះ បានហៀរចេញពីកន្លែងអាងស្តុបទឹកពណ៌លឿង នៃរោងចក្រពិតប្រាកដមែន ដោយសារតែទឹកភ្លៀងខ្លាំងបានហូរច្រោះក្នុងអាងនេះ បណ្តាលឲ្យហៀរទឹកគីមីពុលចូលស្ទឹងតែម្ដង ។
លោកអធិការ បានបញ្ជាក់ថា ក្រោយពីចុះពិនិត្យអាជ្ញាធរបានឲ្យម្ចាស់ទីតាំងរោងចក្រខាងលើនេះ បិទកន្លែងធ្លាយចេញពីអាងស្តុកនេះ រួចរាល់ហើយ មិនមានហូរជាតិពុលចេញមកទៀតនោះទេ និងណែនាំឲ្យម្ចាស់រោងចក្រមានការប្រុងប្រយ័ត្ន បើមានលើកក្រោយទៀត នឹងរាយការណ៍ជូនថ្នាក់លើ ដើម្បីចាត់ការតាមច្បាប់ ។
បើតាមលោកអនុសេនីយ៍ទោ អ៊ី រស្មាក់ នាយប៉ុស្តិ៍រដ្ឋបាលអណ្ដើកហែប បានឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី២៧ ខែឧសភា ទឹកក្នុងស្ទឹងបានថ្លា ឡើងវិញហើយ បន្ទាប់ពីចំហាយសារធាតុពណ៌ខ្មៅបានហូរទៅក្រោមអស់ ហើយចំពោះត្រីក្នុងស្ទឹង ត្រង់ចំណុចឃុំនេះ ក៏លែងងាប់ហើយដែរ ៕





