
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ រីអាប់កូវ (Sergei Ryabkov) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការផ្គត់ផ្គង់អាវុធមានស្រោបសារធាតុអ៊ុយរ៉ានីញ៉ូម និងមានជាតិវិទ្យុសកម្មនៅលើក្បាលគ្រាប់របស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែន គឺជា«អំពើឧក្រិដ្ឋកម្ម» ។
មន្ទីរបញ្ចកោណកាលពីថ្ងៃពុធ បានប្រកាសកញ្ចប់ជំនួយសន្តិសុខថ្មីមួយ ដែលមានតម្លៃដល់ទៅ ១៧៥ លានដុល្លារសម្រាប់អ៊ុយក្រែន រួមទាំងគ្រាប់រំសេវស្រោបសារធាតុអ៊ុយរ៉ានីញ៉ូម និងមានជាតិវិទ្យុសកម្មសម្រាប់រថក្រោះAbramsរបស់អាមេរិក។
អនុផលនៃការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម សារធាតុអ៊ុយរ៉ានីញ៉ូមដែលអាចជំរុញការផ្ទុះ ត្រូវបានប្រើប្រាស់សម្រាប់គ្រាប់រំសេវ ដោយសារតែដង់ស៊ីតេខ្លាំងរបស់វា ផ្តល់លទ្ធភាពដល់ការជ្រាបចូលទៅក្នុងស្រទាប់ពាសដែក បានយ៉ាងងាយស្រួល។ អ្នករិះគន់និយាយថា មានហានិភ័យសុខភាពដ៏គ្រោះថ្នាក់ពីការស្រូបចូល ឬស្រូបកម្ទេចសារធាតុអ៊ុយរ៉ានីញ៉ូម រួមទាំងមហារីក និងវិប្បល្លាសកំណើត។
សារព័ត៌មានTASS ដកស្រង់សម្តីលោករីអាបកូវ ដោយនិយាយថា៖«នេះមិនមែនគ្រាន់តែជាជំហានកើនឡើងប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការឆ្លុះបញ្ចាំងពីការមិនខ្វល់ខ្វាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះផលវិបាកបរិស្ថាននៃការប្រើប្រាស់គ្រាប់រំសេវប្រភេទនេះ នៅក្នុងតំបន់ប្រយុទ្ធ។ ជាការពិតណាស់ នេះគឺជាអំពើឧក្រិដ្ឋកម្ម ខ្ញុំពុំអាចផ្តល់ការវាយតម្លៃផ្សេងទៀតបានទេ»។
