
អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ (ទី៧ ខែកញ្ញា) ថា ប្រទេសកូរ៉េខាងជើង នឹងសាង «កំហុសដ៏ធ្ងន់ធ្ងរមួយ» ដែលផ្លាស់ប្តូរជំនួយយោធាជាមួយរុស្ស៊ី ដើម្បីប្រើប្រាស់ក្នុងសង្គ្រាម នៅប្រទេសអ៊ុយក្រែន ខណៈដែលអតីតមន្ត្រីចារកម្មជាន់ខ្ពស់របស់សហរដ្ឋអាមេរិកមួយរូប បានឲ្យដឹងថា ប្រហែលជាអាចមានការកម្រិតដែនកំណត់ ចំពោះអ្វីដែលទីក្រុងព្យុងយ៉ាង នឹងទទួលបានជាថ្នូរមកវិញ។
ក្រុមមន្ត្រីអាមេរិក បានព្រមានក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះថា ការចរចាអាវុធ រវាងរុស្ស៊ី និងកូរ៉េខាងជើង កំពុងដំណើរការទៅមុខយ៉ាងសកម្ម ហើយរបាយការណ៍មួយក្នុងសប្តាហ៍នេះ បានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ក្នុងខែនេះ ដើម្បីជួបជាមួយប្រធានាធិបតីលោក Vladimir Putin និងពិភាក្សាអំពីការផ្គត់ផ្គង់អាវុធដល់ទីក្រុងម៉ូស្គូ ដើម្បីជួយដល់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់ខ្លួន។
លោកស្រី Harris អំឡុងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលទើបបិទបញ្ចប់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CBS News នៅក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានចាក់ផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ថា ការចរចានេះ នឹងក្លាយជាការបង្ហាញឲ្យឃើញនូវការភ័យខ្លាចរបស់រុស្ស៊ី រហូតដល់ទៅស្វែងរកជំនួយពីប្រទេសឯកោកូរ៉េខាងជើង ហើយការធ្វើបែបនេះ នឹងកាន់តែធ្វើឲ្យប្រទេសទាំង២ ឃ្លាតឆ្ងាយពីប្រទេសដទៃថែមទៀត។
ជាមួយគ្នានេះ ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jake Sullivan បាននិយាយ កាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះថា ការចរចាអាវុធ រវាងរុស្ស៊ី និងកូរ៉េខាងជើង កំពុងវិវឌ្ឍទៅមុខយ៉ាងខ្លាំងក្លា ហើយបានព្រមានលោក Kim ថា ប្រទេសរបស់លោកនឹងទទួលបានផលតបស្នងពីការផ្គត់ផ្គង់អាវុធដល់រុស្ស៊ី ដើម្បីយកទៅប្រើប្រាស់ ក្នុងប្រទេសអ៊ុយក្រែន។
កាលពីខែមុន រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មលើស្ថាប័ន និងបុគ្គលមួយចំនួន ដែលត្រូវបានចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងអាវុធ រវាងកូរ៉េខាងជើង និងរុស្ស៊ី៕