
រលកកម្តៅរដូវក្តៅនៅក្នុងប្រទេសទុយនីស៊ី បានធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មស្រាទំពាំអបាយជូខ្នាតតូច ធ្វើឲ្យខូចខាត ឬបំផ្លិចបំផ្លាញទំពាំងបាយជូ និងធ្វើឲ្យប្រជាកសិករ និងអ្នកផលិតស្រាទំពាំងបាយជូ ព្រួយបារម្ភពីអនាគតរបស់ពួកគេ ស្របពេលដែលបម្រែបម្រួលអាកាសធាតុ បានធ្វើឲ្យអាកាសធាតុកាន់តែក្តៅខ្លាំងជាងមុន និងស្ងួតជាងមុននៅអាហ្រ្វិកខាងជើង ។
ការប៉ាន់ស្មានការធ្លាក់ចុះទិន្នផលស្រាទំពាំងបាយជូ មានភាពខុសគ្នាឆ្ងាយ ដោយយោងតាមការអះអាងរបស់លោក Kilani Belhaj គឺជាមន្រ្តីក្រសួងកសិកម្មទុយនីស៊ីបានឲ្យដឹងថា ទិន្នផលស្រាបានធ្លាក់ចុះចំនួន ២០ភាគរយ ប៉ុន្តែយោងតាមការអះអាងរបស់លោក Salim Chaouch គឺជាប្រធានក្រុមហ៊ុនស្រាទំពាំងបាយជូ Vineyard Producers' Syndicate បានឲ្យដឹងថា ទិន្នផលស្រា បានធ្លាក់ចុះចន្លោះពី ៤០ភាគរយ ទៅ ៥០ភាគរយ ។
លោក Wajdi Graya គឺជាកសិករដាំដំណាំទំពាំងបាយជូទុយនីស៊ី និយាយថា ផលិតផលរបស់លោក បានធ្លាក់ចុះ ២ភាគ ៥ និង ៣ភាគ ៥ក្នុងឆ្នាំនេះ ក្រោយសីតុណ្ហភាពខែកក្កដា ហក់ឡើងខ្ពស់ចន្លោះពី ៣៨អង្សាសេ និង ៤៨អង្សាសេ ស្របពេលដែលកម្តៅនេះ បានកាត់បន្ថយជាតិស្កនៅក្នុងផ្លែទំពាំងបាយជូរបស់លោក ។
ខណៈពេលនោះដែរ ក្រុមផលិតស្រាទំពាំងបាយជូនៅប្រទេសបារាំង និងប្រទេសផ្សេងទៀតនៅតំបន់ភាគខាងត្បូងអឺរ៉ុប បានព្រមានផងដែរ ពីទិន្នផលស្រាទំពាំងបាយជូធ្លាក់ក្នុងឆ្នាំនេះ ដោយសារតែរលកកម្តៅ ៕