
ស្របពេលដែលការប្រមូលផលផ្លែទំពាំងបាយជូ ទើបតែចាប់ផ្តើមនៅក្នុងប្រទេសអាល្លឺម៉ង់ រសជាតិល្អត្រូវបានគេរំពឹងរួចទៅហើយសម្រាប់ឆ្នាំ ២០២៣នេះ បើទោះបីជាកើតមានអាកាសធាតុក្តៅខ្លាំងនៅឆ្នាំនេះក៏ដោយ ។
លោក Karsten Brandt គឺជាអ្នកជំនាញអាកាសធាតុ និងឧតុនិយម និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការប្រមូលផលផ្លែទំពាំងបាយជូ នឹងធ្វើឲ្យមនុស្សភ្ញាក់ផ្អើល ។
លោកនិយាយថា និទាឃរដូវត្រជាក់ និងសើម អាកាសធាតុរដូវក្តៅប្រែជាក្តៅខ្លាំង ហើយបន្ទាប់មកមានភ្លៀងធ្លាក់ខ្លាំងដ៏គំហក់នៅពាក់កណ្តាលរដូវក្តៅ ធ្វើឲ្យស្ថានភាពដាំដុះជួបការលំបាកខ្លាំង ។ បច្ចុប្បន្ននៅខែកញ្ញាស្ថិតនៅចុងរដូវក្តៅ ការងារនឹងអំណោយផលសម្រាប់ការប្រមូលផលល្អ។
សម្រាប់អ្នកផលិតស្រាទំពាំងបាយជូ Julia Wasem វ័យ ២៤ឆ្នាំ ដែលគ្រប់គ្រងរោងចក្រផលិតស្រាទំពាំងបាយជូ Wasem Doppelstueck ជាមួយបងស្រី Marie របស់គាត់ អាកាសធាតុមានភ្លៀងធ្លាក់ គឺជាការលំបាកដ៏ធំបំផុតសម្រាប់ការប្រមូលផលក្នុងឆ្នាំនេះ។
អ្នកស្រី Wasem និយាយថា ទឹកបានធ្លាក់ពីលើមេឃ ជ្រាបចូលផ្ទាល់ទៅក្នុងផ្លែទំពាំងបាយជូ ដូច្នេះហើយពួកយើងត្រូវតែប្រុងប្រយ័ត្នបន្តិចថា ផ្លែទំពាំងបាយជូ មិនបែក និងរលួយនោះទេ អំឡុងពេលដំណើរការផលិតស្រា ៕