
មេបញ្ជាការកងទ័ពស៊ូដង់លោក Abdel Fattah al-Burhan បានធ្វើដំណើរទៅដល់ទីក្រុង Doha កាលពីថ្ងៃព្រហស្បតិ៍ ជាទីដែលលោកបានជួបជាមួយព្រះមហាក្សត្រកាតា Sheikh Tamim bin Hamad Al Thani ។
នៅក្នុងទីក្រុង Doha លោក al-Burhan ទទួលបានការស្វាគមន៍នៅលើកម្រាលព្រំក្រហម ហើយនៅក្នុងវីដេអូដែលបង្ហោះដោយកងទ័ពស៊ូដង់ ឃើញមេដឹកនាំកងទ័ពរូបនេះ ត្រូវបានគេថតពេលចាកចេញពីយន្តហោះនៅក្នុងទីក្រុង Doha ហើយក្រុមមន្រ្តីកាតាជាច្រើនរូប បានស្វាគមន៍លោកនៅលើផ្លូវរត់របស់យន្តហោះ ។
ក្រុមប្រឹក្សាអធិបតេយ្យភាពស៊ូដង់ និយាយកាលពីថ្ងៃពុធថា នេះគឺជាដំណើរទស្សនកិច្ចនៅបរទេសលើកទី ៣របស់លោក Burhan ចាប់តាំងពីថ្ងៃទី ២៩ ខែសីហា ហើយនិងបានកើតមានរយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយលោកចេញក្រឹត្យតាមរដ្ឋធម្មនុញ្ញ បញ្ជាឲ្យរំលាយកងកម្លាំងគាំទ្ររហ័ស(RSF) ។
គួរឲ្យដឹងថា កងទ័ពស៊ូដង់ និង RSF ជាប់គាំងក្នុងសង្រ្គាមចាប់តាំងពីខែមេសារហូតមក ក្រោយបែកបាក់គ្នាចំពោះផែនការគាំទ្រដោយអន្តរជាតិ ដើម្បីរួមកម្លាំងរបស់ពួកគេ អំឡុងពេលផ្លាស់ប្តូរទៅកាន់លទ្ធិប្រជាធិបតេយ្យ ។
ភាគីបង្កសង្រ្គាមទាំង ២ បានច្រានចោលទំនួលខុសត្រូវចំពោះការវាយប្រហារដែលបានសម្លាប់ជនស៊ីវិលរាប់ពាន់នាក់ ៕