
ប្រមុខរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ បានគូសបញ្ជាក់អំពីតម្រូវការសម្រាប់ការគាំទ្រកាន់តែខ្លាំង ស៊ីសង្វាក់គ្នា និងបង្រួបបង្រួមពីបណ្តារដ្ឋជាសមាជិកសម្រាប់ស្ថាប័នពិភពលោកនេះ ដើម្បីបំពេញគោលដៅរក្សាសន្តិភាពសំខាន់ៗរបស់ខ្លួន។
លោក Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកប្រតិបត្តិការសន្តិភាព បាននិយាយថា ការបែកបាក់គ្នាកាន់តែខ្លាំងឡើងក្នុងចំណោមរដ្ឋសមាជិក រួមផ្សំជាមួយនឹងភាពស្មុគស្មាញនៃជម្លោះនាពេលបច្ចុប្បន្ននេះ បង្កជាបញ្ហាប្រឈមដ៏ធំធេងចំពោះការថែរក្សាសន្តិភាព និងភារកិច្ចដ៏ទូលំទូលាយក្នុងការរក្សាសន្តិភាព និងសន្តិសុខ។
លោក Lacroix បានថ្លែងប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខUNថា៖«ការរក្សាសន្តិភាព មិនមែនជាវេទមន្ត ដើម្បីជួយប្រទេសមួយឲ្យវិលទៅរកស្ថិរភាពនោះទេ ប៉ុន្តែដោយមានការគាំទ្រពីសហគមន៍អន្តរជាតិរួមគ្នា ដំណើរការនយោបាយ និងកិច្ចព្រមព្រៀងសន្តិភាព ត្រូវបានអនុវត្ត» ។
លោកបាននិយាយថា ទោះបីជាដំណោះស្រាយនយោបាយចំពោះជម្លោះ ហាក់ដូចជានៅឆ្ងាយក៏ដោយ ក៏ក្រុមរក្សាសន្តិភាព នៅតែបន្តការពារអាយុជីវិតរបស់ជនស៊ីវិលរាប់រយពាន់នាក់នៅក្នុងប្រទេស និងតំបន់ដែលពួកគេត្រូវបានដាក់ពង្រាយដែរ។
លោកបានបន្ថែមថា កងរក្សាសន្តិភាពរបស់UN ក៏កំពុងធ្វើការដើម្បីជួយជនស៊ីវិលឲ្យរួចផុតពីគ្រោះថ្នាក់ ដោយរក្សាបទឈប់បាញ់ និងទប់ស្កាត់ការបន្តនូវភាពអារិភាព។