
រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen បាននិយាយនៅថ្ងៃសុក្រ (ទី៨ ខែកញ្ញា) នេះ ថា លោកស្រីនឹងធ្វើការឲ្យមានប្រសិទ្ធភាព នៅឯកិច្ចប្រជុំកំពូល G20 ក្នុងប្រទេសឥណ្ឌា ក្នុងកិច្ចប្រឹងប្រែងកៀរគរការគាំទ្រដល់បង្កើនធនធានប្រាក់កម្ចី សម្រាប់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក ដើម្បីជួយដល់ប្រទេសជាសមាជិកដោះស្រាយបញ្ហាប្រឈមជាសកលជាច្រើន ក្នុងនោះរួមទាំងធនធានកូតា IMF ថ្មីផងដែរ។
លោកស្រី Yellen បានលើកឡើងពីវឌ្ឍនភាពលើកិច្ចប្រឹងប្រែង កាលពីឆ្នាំមុន ដោយធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍ពហុភាគីផ្សេងទៀត ដើម្បីពង្រីកធនធានផ្តល់ប្រាក់កម្ចី និងជួយដោះស្រាយបម្រែបម្រួលអាកាសធាតុ ជំងឺរាតត្បាត និងវិបត្តិសកលផ្សេងទៀត។ លោកស្រីបានបន្ថែមថា ការផ្លាស់ប្តូរតារាងតុល្យភាពរយៈពេលខ្លី ដែលកំពុងត្រូវបានពិចារណា អាចជួយដោះស្រាយទឹកប្រាក់បន្ថែមចំនួន ២០០ពាន់លានដុល្លារ នៅទសវត្សរ៍ក្រោយ។
ប្រមុខក្រសួងរតនាគាររបស់អាមេរិករូបនេះ ក៏បាននិយាយដែរថា លោកស្រី នឹងប្រឹងប្រែងធ្វើការឲ្យមានប្រសិទ្ធភាព ដើម្បីពង្រឹងដល់ការគាំទ្រអន្តរជាតិ សម្រាប់អ៊ុយក្រែន នៅឯកិច្ចប្រជុំ G20 ដែលចាប់នៅថ្ងៃទី ៩-១០ ខែកញ្ញា៕