
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Ihor Klymenko បាននិយាយថា មីស៊ីលរបស់រុស្សីមួយគ្រាប់ បានវាយប្រហារទៅលើអគារនគរបាលមួយកន្លែង នៅកណ្តាលទីក្រុង Kryvyi Rih របស់ប្រទេសអ៊ុយក្រែន នៅថ្ងៃសុក្រ (ទី៨ ខែកញ្ញា) នេះ ដោយបានសម្លាប់យ៉ាងហោចណាស់នគរបាលម្នាក់ និងជាច្រើននាក់ទៀត រងរបួស។
លោក Klymenko បានឲ្យដឹងនៅលើកម្មវិធីផ្ញើសារ Telegram ថា អគាររដ្ឋបាលរបស់នគរបាល ត្រូវបានបំផ្លាញ ហើយក្រុមអ្នកជួយសង្គ្រោះ បានទាញមនុស្សមួយចំនួនចេញពីគំនរបាក់បែក បន្ទាប់ពីមានការវាយប្រហារលើទីក្រុងកំណើតរបស់ប្រធានាធិបតី លោក Volodymyr Zelenskiy ។
លោករដ្ឋមន្ត្រីបានប៉ាន់ស្មានចំនួនអ្នករបួស នៅត្រឹម ២៥នាក់។ តែនៅក្នុងការធ្វើបច្ចុប្បន្នភាព នាពេលក្រោយ អភិបាលតំបន់ លោក Serhiy Lysak បានប្រាប់ឲ្យថា មានអ្នករងរបួសប្រហែល ៤០នាក់។
តាមរយៈការបង្ហោះ នៅកម្មវិធីផ្ញើសារ Telegram អមដោយរូបថត ដែលបង្ហាញឲ្យឃើញពីអគាររលំបាក់ដល់ដី និងបុគ្គលិកជួយសង្គ្រោះនាំយកបុរសម្នាក់ចេញទៅក្រៅដោយរទេះរុញនោះ លោក Klymenko បានឲ្យដឹងថា៖ «នគរបាលម្នាក់ បានបាត់បង់ជីវិត ដោយសារការវាយប្រហាររបស់រស្ស៊ី»។
ចំណែកលោក Lysak បាននិយាយថា អគាររដ្ឋបាលចំនួន៣ បានរងការខូចខាត ហើយអគារលំនៅឋានចំនួន៧ រួមទាំងអគារខ្ពស់មួយផង ត្រូវបានបំផ្លិចបំផ្លាញ៕