
ក្រសួងការបរទេសចិន នៅថ្ងៃសុក្រ (ទី៨ ខែកញ្ញា) នេះ បានប្រាប់ថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយគ្រប់ភាគីទាំងអស់ និងជំរុញឲ្យមានលទ្ធផលវិជ្ជមាន ក្នុងកិច្ចប្រជុំកំពូលរបស់ប្រទេសមានឧស្សាហកម្មលូតលាស់ទាំង២០ ឬ G20 នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា។
អ្នកនាំពាក្យក្រសួង លោកស្រី Mao Ning បានធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយមួយ ដែលថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានបន្ទោសប្រទេសចិន ថាបានពន្យារពេលកិច្ចព្រមព្រៀង ពាក់ព័ន្ធនឹងបញ្ហាជាច្រើន ក្នុងនោះរួមទាំងវិបត្តិ នៅអ៊ុយក្រែនផងដែរ។
ដោយមិនបានផ្ដល់ព័ត៌មានលម្អិតបន្ថែម លោកស្រី Mao បានឲ្យដឹងខ្លីៗនៅក្នុងសន្និសីទសារព័ត៌មានថា ជំហររបស់ប្រទេសចិន ទាក់ទងនឹងបញ្ហាអ៊ុយក្រែន មានភាពច្បាស់លាស់ និងមិនកែប្រែឡើយ។
សូមបញ្ជាក់ថា ប្រធានាធិបតីចិន លោក Xi Jinping នឹងមិនចូលរួម ក្នុងការជួបប្រជុំនេះនោះទេ ហើយនឹងត្រូវតំណាងដោយនាយករដ្ឋមន្ត្រី លោក Li Qiang ជំនួសវិញ។ កិច្ចប្រជុំកំពូល G20 រយៈពេល ២ថ្ងៃ នឹងប្រព្រឹត្តទៅនៅទីក្រុងញូវដេលី ចាប់ពីថ្ងៃទី៩ ខែកញ្ញាស្អែកនេះ៕