
អាជ្ញាធរហ្វីលីពីន បាននិយាយថា នាវាមកពីឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន និង «កងជីវពលដែនសមុទ្រ» បានបង្ហាញឥរិយាបថ ខុសច្បាប់ បំពារបំពាន និងបង្កអស្ថិរភាព» ចំពោះទូករបស់ខ្លួន នៅថ្ងៃសុក្រ (ថ្ងៃទី៨ ខែកញ្ញា) ក្នុងតំបន់ នៅសមុទ្រចិនខាងត្បូង ដែលមានជម្លោះ។
ខ្សែវីដេអូដែលចេញផ្សាយដោយឆ្មាំល្បាតឆ្នេរហ្វីលីពីន បានបង្ហាញឲ្យឃើញនូវនាវាចិនជាច្រើនគ្រឿង នៅជុំវិញនាវាឆ្មាំល្បាតឆ្នេរបស់ហ្វីលីពីន ក្នុងអ្វីដែលទីក្រុងម៉ានីល បាននិយាយថា កំពុងធ្វើកិច្ចការឆ្លាស់វេនជាប្រចាំ និងបេសកកម្មផ្គត់ផ្គង់ឡើងវិញ។
មន្ត្រីហ្វីលីពីនមួយរូប បាននិយាយថា ទោះបីជាមានសកម្មភាពរបស់ចិនបែបនេះក៏ដោយ ក៏ការផ្គត់ផ្គង់ ត្រូវបានដឹកជញ្ជូន នៅថ្ងៃសុក្រនេះ ទៅឲ្យកងទ័ពហ្វីលីពីន នៅលើនាវាចម្បាំង ដែលយត្រូវបានចតចោលដោយចេតនាលើកោះផ្កាថ្មដែលគ្មានមនុស្សរស់នៅ ជាង ២ទសវត្សរ៍មុន ដើម្បីជួយគាំទ្រដល់ការអះអាងសិទ្ធិអធិបតេយ្យភាព នៅប្រជុំកោះស្ព្រាតលីដែលមានជម្លោះ។
តែឆ្មាំល្បាតឆ្នេរចិន បាននិយាយថា ទូកផ្គត់ផ្គង់ ២គ្រឿង និងនាវាឆ្មាំល្បាតឆ្នេរ២គ្រឿងរបស់ហ្វីលីពីន បានចូលក្នុងដែនទឹកដែលនៅជាប់នឹងតំបន់ទឹករាក់ ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលចិន។ ឆ្មាំល្បាតបានប្រាប់ថា នាវារបស់ខ្លួនបានបើកតាមនាវាហ្វីលីពីន ហើយបានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ ដោយលើកឡើងម្តងហើយម្ដងទៀតនូវការប្រឆាំងជាដាច់ខាតរបស់ប្រទេសចិន ចំពោះការដឹកជញ្ជូនសម្ភារៈសំណង់ «ខុសច្បាប់»។
ហេតុការណ៍ចុងក្រោយនេះ កើតឡើងបន្ទាប់ពីមានភាពតានតឹងកើនឡើង ក្រោយការប្រឈមមុខដាក់គ្នា កាលពីថ្ងៃទី៥ ខែសីហា នៅពេលដែលនាវា ចិនបានបាញ់ទឹកដាក់ទូកហ្វីលីពីន ដែលដឹកជញ្ជូនសម្ភារផ្គត់ផ្គង់ដល់កងទ័ព នៅលើនាវាចម្បាំង Sierra Madre ដែលចតចោល នៅលើតំបន់ទឹករាក់ Second Thomas Shoal៕