
មន្ត្រីហុងកុង នៅថ្ងៃសុក្រ (ទី៨ ខែកញ្ញា) បាននិយាយថា បណ្តាញដឹកជញ្ជូនរបស់ទីក្រុងហុងកុង ត្រូវបាន «រំខានយ៉ាងខ្លាំង» ខណៈដែលភ្លៀងធ្លាក់យ៉ាងជោគជាំ គិតចាប់តាំងពីហេតុការណ៍បែបនេះ បានចាប់ផ្តើមកើតឡើងកាលពី ១៤០ឆ្នាំមុន បានបណ្ដាលឲ្យមានទឹកជំនន់លិចមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់អាស៊ីមួយនេះ។
លេខាធិការរដ្ឋបាលលោក Eric Chan បាននិយាយថា ការព្រមានពី «លក្ខខណ្ឌធ្ងន់ធ្ងរ» នឹងនៅតែមានប្រសិទ្ធភាព រហូតដល់ពាក់កណ្តាលអធ្រាត្រ បន្ទាប់ពីទីក្រុងហុងកុង កើតមានទឹកជំនន់ និងបំណាក់បាក់ដី។
ភ្លៀងធ្លាក់យ៉ាងសន្ធាប់ ត្រូវបាននាំមកដោយព្យុះទីហ្វុហៃគួយ (Haikui) ដែលបានបោកបក់មកដល់ដីគោក នៅខេត្ត Fujian របស់ប្រទេសចិន កាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ។ ទោះបីជាក្រោយមក ព្យុះនោះបានចុះខ្សោយឥទ្ធិពលទៅជាព្យុះត្រូពិចក៏ដោយ ក៏ពពកដែលផ្លាស់ទីយឺតរបស់ព្យុះនេះ បានទម្លាក់នូវបរិមាណទឹកភ្លៀងដ៏ច្រើនទៅលើតំបន់ ដែលនៅតែមានជំនន់ទឹកភ្លៀង ដោយសារព្យុះទីហ្វុងដ៏ខ្លាំងមួយកាលពីសប្តាហ៍មុន។
ការិយាល័យអាកាសធាតុរបស់ក្រុងហុងកុង បានចេញការព្រមានអំពីព្យុះភ្លៀង «កម្រិតពណ៌ខ្មៅ» ខ្ពស់បំផុតរបស់ខ្លួន នៅព្រឹកថ្ងៃសុក្រ។ ការិយាល័យបាននិយាយថា បរិមាណភ្លៀងជាង ២០០មីលីម៉ែត្រ ត្រូវបានកត់ត្រានៅលើកោះដ៏សំខាន់របស់ហុងកុង ក្នុងស្រុក Kowloon (កាវ លូន) និងផ្នែកភាគឦសាននៃដែនដីថ្មីរបស់ទីក្រុង ចាប់តាំងពីយប់ថ្ងៃព្រហស្បតិ៍ (ទី៧ ខែកញ្ញា) មក៕