កំពង់ស្ពឺ ៖ ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខកម្មករ និយោជិត ជិត២ម៉ឺននាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាបង្ក្រាប និងទប់ស្កាត់បញ្ហាបទល្មើសគ្រឿងញៀនឱ្យមានប្រសិទ្ធភាព។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដោយសារការរៀបចំផ្គូផ្គងពីដើមទីនៅរៀងស្រាលបន្តិច សម្តេចបានសម្រេចធ្វើការកែទម្រង់បន្ថែម អំពីរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រងទៅលើការបង្ក្រាបទប់ស្កាត់បទល្មើសគ្រឿងញៀនសម្រាប់នីតិកាលថ្មីនេះឱ្យមានប្រសិទ្ធភាព។
សម្ដេចអធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា នេះគឺជាការប្ដេជ្ញាចិត្តរបស់យើង។
សូមបញ្ជាក់ថា បញ្ហាបទល្មើសគ្រឿងញៀន រាជរដ្ឋាភិបាលកន្លងមក ក៏បានខិតខំប្រឹងប្រែងបង្រ្កាបទប់ស្កាត់ដោយសម្រេចបានលទ្ធផលជាច្រើនជាបន្តបន្ទាប់ ប៉ុន្តែទោះជាយ៉ាងណា គ្រឿងញៀននៅតែជាបញ្ហាដែលត្រូវបានគេមើលឃើញថា ហាក់ដូចជាមិនមានការថមថយចុះនៅឡើយទេ។ តាមរយៈការប្តេជ្ញាចិត្តដ៏មុតមាំ របស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលនីតិកាលទី៧នេះ សង្ឃឹមថា បទល្មើសគ្រឿងញៀន នឹងមានការថយចុះដែលជាការផ្តល់នូវសេចក្តីរីករាយ និងភាពសុខសាន្តជូនដល់ប្រជាពលរដ្ឋ៕
អត្ថបទ៖ មុត សុទ្
ធ



