ភ្នំពេញ ៖ ក្រោយពីអង្គភាពប្រឆំាងអំពើពុករលួយ ហៅកាត់ថា ACU បានប្រកាសឲ្យសាធារណជនចុះឈ្មោះតាមអនឡាញ ដើម្បីចូលរួមសិក្សាស្វែងយល់ច្បាប់ប្រឆាំងអំពើពុករលុយនៅកម្ពុជា មកដល់ពេលនេះ មានសាធារណៈជន បានចុះឈ្មោះ ចូលរួមវគ្គបណ្តុះបណ្តាល ច្បាប់ និងលិខិតបទដ្ឋានប្រឆាំងអំពើពុករលួយ ប្រមាណ៣៥០០នាក់។
ក្នុងឱកាសអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលច្បាប់ និងលិខិតបទដ្ឋានប្រឆាំងអំពើរលួយ នៅថ្ងៃដំបូង ថ្ងៃទី៩ ខែកញ្ញានេះ បណ្តាសិក្ខាកាមដែលភាគច្រើនជាក្រុមយុវជន បានថ្លែងថា ការចូលរួមវគ្គបណ្តុះបណ្តាលនេះ មានបំណងចង់សិក្សាស្វែងយល់អំពីច្បាប់ប្រឆាំងអំពើពុករលួយ ករណីរឿងរ៉ាវនានាពាក់ព័ន្ធនឹងអំពើពុករលួយ និងបទល្មើសស៊ីសំណូកសូកប៉ាន់ទាំង៣៨បទល្មើស នៃអំពើពុករលួយ។
ឯកឧត្តមកិត្តិនីតិកោសល្យបណ្ឌិត ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងថា វគ្គបណ្តុះបណ្តាលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិប្រឆាំងអំពើពុករលួយ រៀបចំឡើងក្នុងបំណងជំរុញឲ្យសាធារណៈជនមានយល់ដឹងច្បាស់លាស់សកម្មភាពបទល្មើសអំពើពុករលួយ និងចៀសវាងការផ្សព្វផ្សាយខុស ជាពិសេសករណីខ្លះអ្នកសូក ដែលជាជនរងគ្រោះ គឺមិនមានទោសពុករលួយនោះទេ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិប្រឆាំងអំពើពុករលួយជូនសាធារណៈជនលើកទី១ (ពេញ១ថ្ងៃនេះ) អង្គភាពប្រឆាំងអំពើពុករលួយ បានកំណត់យកសិក្ខាកាមមកចូលរួមចំនួនជាង៣០០នាក់ ហើយសិក្ខាកាមដទៃទៀត នឹងជូនដំណឹងផ្តល់ការបណ្តុះបណ្តាលនៅថ្ងៃបន្តបន្ទាប់ទៀត៕ អត្ថបទ៖ ស៊ុម សុខជា





