
បាត់ដំបង៖ ជនរងគ្រោះម្នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈម្នាក់ទៀតបានរងរបួសធ្ងន់ ដោយសារបើកគោយន្តមកពីចម្ការ ហើយបានកិនមីនដែលបន្សល់ទុកពីសម័យសង្គ្រាម ដែលករណីនេះ បានកើតឡើងនៅវេលាម៉ោង ០២និង៣០នាទី រសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។
អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះបានស្លាប់ឈ្មោះ ប៊ន សុភា ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នកបើកគោយន្ត រស់នៅភូមិឃុំកើតហេតុ ចំណែកអ្នករងរបួសឈ្មោះ មាង់ សីហ័រ អាយុ២៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ហើយត្រូវជាអ្នកជិះ។
ប្រភពបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានបើកគោយន្តទៅកាត់ស្មៅចម្ការ ដែលជាដីចម្ការថ្មី មិនធ្លាប់អាស្រ័យផលពីមុន និងក្រោយមកក៏នាំគ្នា ជិះគោយន្តមកផ្ទះវិញ បើកនៅតាមផ្លូវចាស់ (ផ្លូវសល់ពីសង្គ្រាម) ហើយក៏កិនគ្រាប់មីនតែម្ដង បង្កជាគ្រោះថ្នាក់បែបនេះតែម្ដង ។
អាជ្ញាធរដដែល បានបន្ថែមថា ចំពោះអ្នករងរបួស ពេលកើតហេតុភ្លាមៗ ក៏បានរត់ទៅរកអ្នកភូមិឲ្យជួយ និងប្រាប់ពីហេតុការណ៍ ហើយពេលប្រាប់រួច ក៏ដួលសន្លប់ និងត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកអ្នកស្លាប់ បានប្រគល់ឲ្យគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕