អាមេរិក ៖ អ្នកនាំពាក្យមន្ទីរបញ្ចកោណ បានឆ្លើយតបប្រឆាំងការអះអាងរបស់រុស្ស៊ី ដែលថាសារធាតុអ៊ុយរ៉ានីញ៉ូម ក្នុងក្បាលគ្រាប់ស្រោបស្នូលរឹងដែលសហរដ្ឋអាមេរិកបានសម្រេចផ្តល់ដល់អ៊ុយក្រែនអាចបង្កឱ្យមានជំងឺមហារីក។ កាលពីថ្ងៃពុធ មន្ទីរបញ្ចកោណបានប្រកាសកញ្ចប់ជំនួយសន្តិសុខថ្មីមានតម្លៃដល់ ១៧៥ លានដុល្លារសម្រាប់អ៊ុយក្រែន រួមមានទាំងគ្រាប់រំសេវអ៊ុយរ៉ានីញ៉ូមមានសារធាតុវិទ្យសកម្ម សម្រាប់រថក្រោះ Abrams របស់អាមេរិក។ ដោយលើកឡើងពីទិន្នន័យរបស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ( CDC) អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកស្រី Sabrina Singh បាននិយាយថា ពុំមានការកើនឡើងនៃជំងឺមហារីកឈាម ឬជំងឺមហារីកផ្សេងទៀតនោះទេ ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov កាលពីថ្ងៃព្រហស្បតិ៍ បានរិះគន់ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការផ្តល់គ្រាប់រំសេវ ដោយនិយាយថា ការប្រើប្រាស់ធ្ងន់ធ្ងរនៃគ្រាប់រំសេវបែបនេះរបស់សម្ព័ន្ធយោធាណាតូ ក្នុងការទម្លាក់គ្រាប់បែកលើប្រទេសយូហ្គោស្លាវីក្នុងឆ្នាំ១៩៩៩ បានបណ្តាលឱ្យមានការហក់ឡើងករណីជំងឺមហារីក និងជំងឺផ្សេងៗទៀត។
ការប្រើប្រាស់គ្រាប់រំសេវអ៊ុយរ៉ានីញ៉ូមមានសារធាតុវិទ្យុសកម្ម បានពិភាក្សាយ៉ាងខ្លាំង ដែលក្រុមចម្រុះអន្តរជាតិ ហាមប្រាមអាវុធអ៊ុយរ៉ានីញ៉ូម និយាយថា ការស្រូបចូល ឬដកដង្ហើមចូល នូវធូលីអ៊ុយរ៉ានីញ៉ូមមានសារធាតុវិទ្យុសកម្ម អាចបណ្តាលឱ្យកើតជំងឺមហារីក និងមានពិការភាពពីកំណើត។ ប៉ុន្តែរបាយការណ៍កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិស្តីពីផលប៉ះពាល់នៃសារធាតុអ៊ុយរ៉ានីញ៉ូមមានសារធាតុវិទ្យសកម្ម លើប្រទេសស៊ែប៊ី និងម៉ុងតេណេហ្គ្រោ ក្រោយមកនៅប្រទេសយូហ្គោស្លាវី បានរកឃើញថា «ពុំមានការបំពុលធ្ងន់ធ្ងរ និងរីករាលដាលនោះទេ។

