កំពង់ស្ពឺ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថានឹងរៀបចំយន្តការថ្នាក់ជាតិមួយ ដោយរៀបចំឱ្យមានការប្រលងយន្តការថ្នាក់កណ្ដាល ដែលសហការជាមួយក្រសួងជំនាញ ដើម្បីធានាឱ្យបាននូវសង្គតភាព ភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ ហើយធានាឱ្យបានអ្នកចេះគឺជាប់។
ការលើកឡើងដូចនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៣ ក្នុងពិធីពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ស្ថិតនៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ សម្តេចបានអំពាវនាវបន្ថែមទៀតថា "ដើម្បីឲ្យកិច្ចការកំណែទម្រង់មានប្រសិទ្ធិភាព ត្រូវមានការដាច់ខាត ប្តេជ្ញាធ្វើទាំងអស់គ្នា ហើយបង្ហាញឱ្យឃើញពីឆន្ទៈ និងការខិតខំប្រឹងប្រែង ប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើ ហ៊ានអាកាត់ ហ៊ានវះកាត់ ហើយជាពិសេសហ៊ានអនុវត្តគោលនយោបាយដែលរាជរដ្ឋាភិបាលបានសម្រេច"។
ក្រោយនាយករដ្ឋមន្រ្តីមានអនុសាសន៍លើរឿងនេះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណ: ជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកឡើងលើទំព័រហ្វេសប៊ុកដែរថា ក្នុងនាមជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ " ខ្ញុំពិតជាមានសេចក្តីរីករាយ និងមានកិត្តិយសដោយបានក្លាយជាផ្នែកមួយ ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងកិច្ចការកំណែទម្រង់វិស័យមុខងារសាធារណៈ។ ក្នុងន័យនេះ ខ្ញុំគាំទ្រឥតងាករេ លើប្រសាសន៍ និងគោលការណ៍នយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់វិស័យមុខងារសាធារណៈ និងធ្វើយ៉ាងណាខិតខំប្រឹងប្រែងពន្លឿនយន្តការដ៏មានសារៈសំខាន់នេះ ឲ្យសម្រេចបានកាន់តែឆាប់រហ័ស។" ដោយ ៖ គីម ហុក











