
ភ្នំពេញ ៖ លោកស្រី បណ្ឌិត Laurence Baril (ឡូរ៉ង់ បារ៉ែល)នាយិកានៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបញ្ជាក់ថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ឆ្លើយតបសកម្ម និងមានភាពបត់បែន បានរហ័សទៅនឹងវិបតិ្តសុខភាពបង្កដោយជំងឺឆ្លងនានា។
ការថ្លែងរបស់លោកស្រី បណ្ឌិត Laurence Baril យ៉ាងដូច្នេះនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាទំនាក់ទំនងប្រចាំឆ្នាំ២០២០ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ, ក្រោមវត្តមានឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល មានការចូលរួមពីអគ្គនាយក នៃវិទ្យាស្ថានប៉ាស្ទ័រប៉ារីស តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកជំទាវ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា ឯកឧត្តម ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្រ្តាលី ប្រចាំកម្ពុជា សមាជិកអចិន្រ្តៃយ៍មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍផ្សេងៗទៀត សរុបចំនួន៣៩រូប។ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩ រួមជាមួយការរឹតត្បិតលើការធ្វើដំណើរ កិច្ចប្រជុំក្រុមប្រឹក្សាទំនាក់ទំនង ត្រូវរៀបចំទាំងតាមរយៈការជួបផ្ទាល់ផង និងតាមរយៈវីដេអូសន្និសីទផង អាស្រ័យទៅតាមកាលៈទេសៈ នៃអ្នកចូលរួមម្នាក់ៗ។
លោកស្រី បណ្ឌិត បានបន្តថា ក្នុងឆ្នាំ២០២០ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានឈរនៅក្នុងចំណោមស្ថាប័នជួរមុខ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីគាំទ្រដល់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។ នៅក្នុងខែមេសា ឆ្នាំ២០២០ អង្គការសុខភាពពិភពលោក បានកំណត់យក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជាមនី្ទរពិសោធន៍បង្គោលមួយ ក្នុងចំណោមមនី្ទរពិសោធន៍បង្គោលសម្រាប់វីរុសកូវីដ១៩ ក្នុងពិភពលោក ដើម្បីដោះស្រាយលើហានិភ័យផ្នែកសុខភាពសាធារណៈ បង្កដោយសារការរាតត្បាតជំងឺកូវីដ១៩ ដែលនេះគឺជាការទទួលស្គាល់គួរឲ្យកត់សម្គាល និងជាកិតិ្តយសសម្រាប់វិទ្យាស្ថាន ក៏ដូចជាសម្រាប់ប្រទេសកម្ពុជា។
ទោះបីជាមានការកើនឡើងកាន់តែខ្លាំងនៃកិច្ចការពាក់ព័ន្ធនឹងជំងឺកូវីដ១៩ យ៉ាងណាកី្ត ក៏វិទ្យាស្ថាន នៅតែបន្តយកចិត្តទុកដាក់ទៅលើការខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវលើជំងឺឆ្លងផ្សេងៗទៀតដែរ។ លោកស្រី បណ្ឌិត បានបង្ហាញអំពីលទ្ធផលវិទ្យាសាស្រ្តសំខាន់ៗជាច្រើន ក្រៅពីជំងឺកូវីដ១៩ ដែលសម្រេចបានកាលពីឆ្នាំ២០២០ ដូចជាជំងឺគ្រុនឈាម ជំងឺឈីកគុនគុនយ៉ា ជំងឺឆ្កែឆ្កួត ជំងឺគ្រុនចាញ់ ភាពស៊ាំនឹងថ្នាំផ្សះ ជំងឺរបេង ជំងឺផ្តាសាយតាមរដូវ ជំងឺផ្តាសាយបក្សី ជំងឺថ្លើម មេរោគអេដស៍/ជំងឺអេដស៍ និងការសិក្សាអំពីបាណកសាស្រ្ត។
ផ្នែកសំខាន់មួយនៃសមិទិ្ធផលទាំងនេះ គឺកើតចេញពីកិច្ចសហប្រតិបតិ្តការដ៏មានប្រសិទ្ធភាព និងយូរអង្វែងជាមួយក្រសួងសុខាភិបាល(សុខភាពមនុស្ស) និងជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (សុខភាពសត្វ) ព្រមទាំងដៃគូថ្នាក់ជាតិ ថ្នាក់តំបន់ ថ្នាក់អន្តរជាតិជាច្រើនផ្សេងទៀត និងមនី្ទរពេទ្យនានា។ ជាពិសេសវិទ្យាស្ថានប៉ាស្ទ័រ បានរួមចំណែកយ៉ាងសកម្មក្នុងការកសាងសមត្ថភាព និងការបណ្តុះបណ្តាល និសិ្សតកម្ពុជា និងអន្តរជាតិ។
គំរូការងាររបស់វិទ្យាស្ថាន មានភាពស្របគ្នាទៅនឹងបេសកកម្ម ក៏ដូចជាគុណតម្លៃរបស់វិទ្យាស្ថានផ្សេងៗទៀត នៃបណ្តាញវិទ្យាស្ថានប៉ាស្ទ័រអន្តរជាតិ។ វិទ្យាស្ថាន និងបន្តអភិវឌ្ឍការស្រាវជ្រាវប្រកបដោយឧត្តមភាព ផ្តល់សេវាសុខាភិបាលសុខភាពដោយផ្ទាល់ និងផ្តល់ការបណ្តុះបណ្តាលផ្នែកវិទ្យាសាស្រ្តជីវិត និងផ្នែកស្រាវជ្រាវសុខភាពសំខាន់ៗជូនប្រជាពលរដ្ឋកម្ពុជា និងបណ្តាប្រទេសផ្សេងៗទៀត។ ដើម្បីអាចឈានទៅសម្រេចបេសកកម្មទាំងអស់នេះបាន វិទ្យាស្ថានត្រូវខិតខំពង្រឹងគុណភាពជីវិត និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។
ជាមួយគ្នានោះដែរឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំណរគុណ និងកោតសរសើរវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ជាមួយក្រសួងសុខាភិបាល និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត ព្រមទាំងបានវិវត្តន៍ខ្លួនក្លាយជាមនី្ទរពិសោធន៍បង្អែកសកលមួយ ក្នុងការដោះស្រាយនូវហានិភ័យសុខភាពសាធារណៈឲ្យកាន់តែប្រសើរ និងជៀសផុតពីជំងឺរាតត្បាតកូវីដ-១៩។
សូមបញ្ជាក់ផងដែរថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (ហៅកាត់ IPC) គឺជាវិទ្យាស្ថានស្រាវជ្រាវមិនស្វែងរកប្រាក់ចំណេញមួយ ដែលបានចុះកិច្ចព្រមព្រៀងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដំណើរការប្រតិបតិ្តការ ការងាររបស់ខ្លួនក្រោមឱវាទរបស់ក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា និងវិទ្យាស្ថានប៉ាស្ទ័រ(ទីក្រុងប៉ារីស ប្រទេសបារាំង)៕អត្ថបទ ៖ រដ្ឋា





