ភ្នំពេញ ៖ ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបោសសម្អាតមីន ដល់មន្ត្រី និងនាយទាហានកម្ពុជា នៅទីក្រុងណានជីង សាធារណរដ្ឋប្រជាមានិតចិន ដែលក្នុងនោះមានសិក្ខាកាមមកពីអាជ្ញាធរមីន កងទ័ពជើងគោក និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែផ្តល់នូវការគាំទ្រចំពោះកម្ពុជា ទាំងពេលកន្លងមក និងពេលបច្ចុប្បន្ន ដល់កិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ជាដើម។ ជាមួយនឹងជំនួយមនុស្សធម៌ពីប្រទេសចិន រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានចុះកិច្ចព្រមព្រៀងទ្វេភាគី រវាងរដ្ឋាភិបាលកម្ពុជា-ចិន លើវិស័យធំៗជាច្រើន ក្នុងនោះក៏មានវិស័យការពារជាតិ និងការបោសសម្អាតមីនមនុស្សធម៌។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀតថា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ស្នើសុំគាំទ្រពី ឯកឧត្តមប្រធានាធបតី ស៊ី ជីនពីង ចាប់ពីឆ្នាំ២០១៨ ក្នុងគម្រោងលប់បំបាត់គ្រាប់មីននៅកម្ពុជា អង្គភាពស៊ីម៉ាក់ បានធ្វើការបោសសម្អាតមីននិងគ្រាប់ក្នុងទំហំផ្ទៃដីប្រមាណជា ១០៦ គីឡូម៉ែត្រក្រឡា និងមានអ្នកទទួលផលជាង ១លាននាក់ ស្ថិតក្នុងខេត្តកំពង់ធំ សៀមរាប ព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង កំពង់ឆ្នាំង និងខេត្តស្វាយរៀង។ បច្ចុប្បន្ននេះ ប្រទេសចិន បាននឹងកំពុងចូលរួមជួយជ្រោមជ្រែង ទាំងថវិកា សម្ភារៈបច្ចេកទេស និងបណ្តុះបណ្តាលធនធានមនុស្សជាបន្តបន្ទាប់ ដើម្បីកម្ពុជាអាចសម្រេចបាននូវគោលដៅ គ្មានមីនត្រឹមឆ្នាំ២០២៥។ ជំនួយរបស់មិត្តចិន បានចូលរួមជួយសង្រ្គោះជីវិតរបស់ប្រជាជនកម្ពុជាឲ្យរួចចាកផុតពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ហើយធ្វើឲ្យលក្ខខណ្ឌរស់នៅរបស់ប្រជាជនកាន់តែប្រសើរ។ ការចូលរួមចំណែកពីមិត្តចិន កម្ពុជា នឹងអាចទទួលបានជោគជ័យ ក្នុងការអនុវត្តនូវផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ គឺឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីនឆ្នាំ២០២៥។
ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើសុំប្រទេសចិន បន្តពិនិត្យលទ្ធភាព និងជួយឧបត្ថម្ភគាំទ្រដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ទាំងសម្ភារបច្ចេកទេស និងហិរញ្ញវត្ថុ ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្សបន្ថែម ទោះបីនៅសាធារណរដ្ឋប្រជាមានិតចិន ឬនៅកម្ពុជាក៏ដោយ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានស្នើសុំឲ្យរដ្ឋាភិបាលចិន បន្តជួយដល់កម្ពុជាក្រោយឆ្នាំ២០២៥ តាមរយៈអង្គភាពស៊ីម៉ាក់ ក្នុងការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោមនៅទូទាំងប្រទេស ក៏ដូចជាគាំទ្រផ្តល់សម្ភារៈបច្ចេកទេស និងកិច្ចសហប្រតិបត្តិការត្បូង-ត្បូង។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រសួងការបរទេស និងក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់នូវកិច្ចសហការ និងរៀបចំវគ្គហ្វឹកហ្វឺននេះឡើង ក្រោមការសម្របសម្រួល និងការខិតខំប្រឹងប្រែង របស់ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំ យោធាចារ្យ បុគ្គលិកទាំងអស់ នៃសាកលវិទ្យាល័យបច្ចេកទេស និងវិទ្យាសាស្ត្រកងទ័ពរំដោះប្រជាជនចិន ដែលបានរៀបចំឱ្យមានវគ្គហ្វឹកហ្វឺននេះឡើងវិញបន្ទាប់ពីខកខានរយៈពេល៣ឆ្នាំកន្លងមក នឹងសង្ឃឹមថាមិត្តចិននឹងបន្តផ្តល់នូវវគ្គបណ្តុះបណ្តាលនេះ ក៏ដូចជាការឧបត្ថម្ភគាំទ្រដល់ការធ្វើសមយុទ្ធបោសសំអាតមីនរវាងភាគីទាំងពីរជាបន្តបន្ទាប់ទៀត៕









