ទួរគី ៖ ប្រភពចំនួនពីរដែលដឹងអំពីបញ្ហានេះ បាននិយាយកាលពីថ្ងៃសៅរ៍ ប្រធានាធិបតីទួរគី លោក តាយីប អេរដូហ្គែន (Tayyip Erdogan) បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) ក្នុងកិច្ចប្រជុំកំពូលរបស់មេដឹកនាំ G20 នៅទីក្រុងញូវដែលី ( New Delhi) ស្តីពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ។
ប្រទេសរុស្ស៊ី បានចាកចេញពីកិច្ចព្រមព្រៀងកាលពីខែកក្កដា រយៈពេលមួយឆ្នាំ បន្ទាប់ពីវាត្រូវបានសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងប្រទេសទួរគី ដោយបានត្អូញត្អែរថា ការនាំចេញអាហារនិងជីរបស់ខ្លួនប្រឈមនឹងឧបសគ្គជាច្រើន ហើយថាធញ្ញជាតិអ៊ុយក្រែនមិនគ្រប់គ្រាន់ នឹងទៅកាន់បណ្តាប្រទេសដែលត្រូវការ។
ប្រភពដែលបាននិយាយជាមួយសារព័ត៌មានរ៉យទ័រនៅក្រៅវេទិកានៃជំនួបកំពូលនោះ បានបដិសេធពុំផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។
លោកអេរដូហ្គែន បាននិយាយកាលពីដើមសប្តាហ៍នេះ បន្ទាប់ពីកិច្ចពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនថា វានឹងអាចធ្វើឲ្យកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនេះ រស់ឡើងវិញ ក្នុងពេលឆាប់ៗនេះ។

