ប្រតិបត្តិការជួយសង្រ្គោះ បានចាប់ផ្តើមនៅទីក្រុងទុងក្វាង និងទីក្រុងជាច្រើនទៀត ស្ថិតនៅភាគខាងត្បូងប្រទេសចិន ក្រោយភ្លៀងធ្លាក់ខ្លាំងបង្កឲ្យកើតមានទឹកជំនន់ដ៏គំហក់ ។
លោក ចេន ស៊ាវកេន ដែលធ្វើការនៅហាងលក់សម្ភារៈ Hardware របស់គ្រួសារលោក និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា លោកមានអារម្មណ៍អស់សង្ឃឹម ពេលដែលលោកស្ទង់ទំហំនៃការខូចខាតទ្រង់ទ្រាយធំសម្ភារៈនៅក្នុងហាងរបស់លោក ។ ផលិតផលជាច្រើន ចាប់ពីក្រដាសខាត់រហូតដល់ម៉ូទ័រស្វាន ត្រូវបានលិចលង់ទាំងស្រុង ។ លោក ចេន ព្យាករណ៍ថា វាត្រូវការចំណាយពេល ៣ឆ្នាំទើបគ្រួសាររបស់លោកអាចងើបពីការបាត់បង់ដោយសារទឹកជំនន់មួយនេះ ។

ខណៈពេលនោះដែរ ទីក្រុងហុងកុង បានជន់លិចដោយសារភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេល ១៤០ឆ្នាំកន្លងមកនេះ ។
ផ្លូវថ្នល់ និងផ្លូវក្រោមដីនៅក្នុងទីក្រុងមួយនេះ បានរងការជន់លិច ស្របពេលដែលក្រុមអាជ្ញាធរ បានប្រកាសបិទសាលារៀន និងការិយាល័យធ្វើការ ។
សេវាកម្មសង្រ្គោះបន្ទាន់ និយាយថា មនុស្សជាង ១០០នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយប្រតិបត្តិការសង្រ្គោះ ត្រូវបានធ្វើឡើង ស្របពេលមានការព្រមានពីអាកាសធាតុអាក្រក់៕
