ម៉ារ៉ុក៖ ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏ខ្លាំងក្លា ដែលបានវាយប្រហារប្រទេសម៉ារ៉ុក កាលពីយប់ថ្ងៃសុក្រ (៧ កញ្ញា) បានកើនឡើងដល់ ២ ០១២នាក់ ហើយមនុស្សជាង២០០០នាក់ បានរងរបួស នេះបើយោងតាមទិន្នន័យចុងក្រោយពីក្រសួងមហាផ្ទៃរបស់ប្រទេសនេះ ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ (៨ កញ្ញា)។
ក្រសួងនោះបាននិយាយថា ក្នុងចំណោមមនុស្សចំនួន ២ ០៥៩នាក់ ដែលបានរងរបួសក្នុងអំឡុងពេលរញ្ជួយដីនោះ មានមនុស្សចំនួន ១ ៤០៤នាក់ បានរងរបួសធ្ងន់ធ្ងរ។
ស្ថាប័នតាមដានការរញ្ជួយដីជាតិរបស់ប្រទេសម៉ារ៉ុក បានធ្វើបច្ចុប្បន្នភាពពីទំហំ នៃរញ្ជួយដីដែលបានវាយប្រហារប្រទេសអាហ្វ្រិកខាងជើងមួយនេះ កាលពីថ្ងៃសុក្រនៅម៉ោង ២៣និង១១នាទី(ម៉ោងក្នុងស្រុក) ពីកម្រិត៦,៨វ៉ិចទ័រ ដល់កម្រិត៧,០វ៉ិចទ័រ កាលពីថ្ងៃសៅរ៍។
មនុស្សរាប់រយនាក់បានតម្រង់ជួរ ដើម្បីបរិច្ចាគឈាមកាលពីរសៀលថ្ងៃសៅរ៍ ក្នុងទីក្រុង Marrakesh ដែលជាការឆ្លើយតបទៅនឹងការអំពាវនាវបន្ទាន់ពីក្រុមអាជ្ញាធរសុខាភិបាលម៉ារ៉ុក។
ប្រទេសម៉ារ៉ុកបានប្រកាសកាន់ទុក្ខជាតិរយៈពេលបីថ្ងៃ ជាមួយនឹងការបង្ហូតទង់ជាតិឲ្យនៅត្រឹមពាក់កណ្តាលដង លើអគារសាធារណៈទាំងអស់ នេះបើយោងតាមការប្រកាសពីព្រះបរមរាជវាំងកាលពីថ្ងៃសៅរ៍ផងដែរ៕


