មនុស្សរាប់ពាន់នាក់ បានដើរដង្ហែរឆ្លងកាត់រដ្ឋធានីស៊ែរប៊ីកាលពីថ្ងៃសៅរ៍ (៩ កញ្ញា) ក្នុងការតវ៉ាចម្រុះពណ៌ ដើម្បីទាក់ទាញការយកចិត្តទុកដាក់ចំពោះតម្រូវការកែលម្អសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា នៅក្នុងប្រទេសតំបន់បាល់កង់មួយនេះ។
ក្រុមបាតុករបានស្រែកពាក្យស្លោក «ពួកយើងមិនមានសិទ្ធអ្វីទាំងអស់» និងដើរដង្ហែរឆ្លងកាត់ទីក្រុងទៅកាន់អគាររដ្ឋាភិបាលស៊ែរប៊ី និងសភារបស់ប្រទេសនេះ។ ការស្រឡាញ់ភេទដូចគ្នា គឺស្របច្បាប់នៅក្នុងប្រទេសស៊ែរប៊ី ប៉ុន្តែអាពាហ៍ពិពាហ៍ភេទដូចគ្នា មិនត្រូវបានអនុញ្ញាតទេ ហើយក្រុមសកម្មជននិយាយថា សហគមន៍អ្នកស្រលាញ់ភេទដូចគ្នា (LGBT+) ប្រឈមនឹងអរិភាព និងការរើសអើងជាខ្លាំង។

ក្បួនដង្ហែចម្រុះពណ៌ចំពោះអ្នកស្រលាញ់ភេទដូចគ្នាកាលពីមុន បានទាក់ទាញការប្រឆាំងពីអ្នកជាតិនិយម និងអ្នកអភិរក្សសាសនា ហើយត្រូវបានរារាំងដោយអំពើហិង្សា។ ប៉ុន្តែការហែក្បួនកាលពីថ្ងៃសៅរ៍ (៩ កញ្ញា) នេះ មានភាពស្ងប់ស្ងាត់ ដោយក្រុមអ្នករៀបចំនិយាយថា មានមនុស្សរហូតដល់ទៅ ១៥.០០០នាក់ បានចូលរួមក្នុងក្បួនដង្ហែនេះ។
ក្រុមអ្នកតវ៉ាប្រឆាំងមួយចំនួនតូច បានធ្វើបាតុកម្មដោយប្រើរូបសញ្ញាសាសនា ខណៈដែលក្បួនដង្ហែរបានដំណើរការពាសពេញទីក្រុងក្នុងប្រទេសស៊ែរប៊ីផងដែរ៕
