បាត់ដំបង ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ប៊ុន ហុន និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកគាស់ក្រឡ បានជំរុញដល់អាជ្ញាធរស្រុក និងមូលដ្ឋាន រួមទាំងសមាជិក-សមាជិកា នៃគណបក្សប្រជាជនកម្ពុជានៅ ស្រុកគាស់ក្រឡទាំងអស់ សាមគ្គីគ្នាចុះជួយដល់បងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ខណៈពួកគាត់ជួបទុក្ខលំបាកដូចជារងគ្រោះទឹកជំនន់ និងបញ្ហាអ្វីផ្សេងៗ ជាដើម។
ថ្លែងនៅក្នុងកម្មវិធីតែងតាំង និងសម្រួលសមាសភាព ក្រុមការងារចុះជួយគណបក្សប្រជាជនកម្ពុជា ចុះជួយ ឃុំ និងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះនៅសាលាស្រុកគាស់ក្រឡ ឯកឧត្តម ប៊ុន ហុន បានលើកឡើងថា ក្នុងនាមយើងជាមន្ត្រី ត្រូវរួមគ្នាឲ្យបានសកម្មបន្ថែមទៀត ក្នុងការជួយដល់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលាទាំងអស់ ដោយមិនត្រូវប្រកាន់និន្នាការអ្វីនោះឡើយ ហើយមួយវិញទៀតធ្វើយ៉ាងណាកុំឲ្យពួកគាត់មានការថ្នាំងថ្នាក់នឹងយើងឲ្យសោះ។
ឯកឧត្តម បានសង្កត់ធ្ងន់ថា«សូមបងប្អូនជាសមាជិក-សមាជិកាគណបក្សប្រជាជនទាំងនៅឃុំ ស្រុកគាស់ក្រឡទាំងអស់ ត្រូវបន្តសាមគ្គីគ្នាចុះជួយប្រជាពលរដ្ឋ ដែលរង់គ្រោះដោយសារទឹកជំនន់ឲ្យបានគ្រប់ៗគ្នា ហើយក្រៅពីការងារមនុស្សធម៌ចុះជួយពលរដ្ឋនេះត្រូវខិតខំបម្រើបងប្អូនប្រជាពលរដ្ឋ ជាពិសេស សេវាសាធារណៈ ដោយមិនត្រូវឲ្យគាត់អាក់អន់ស្រពន់ចិត្តអ្វីនោះឡើយ»។
ថ្លែងនៅក្នុងពិធីនោះដែរ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកគាស់ក្រឡ ក៏បានអំពាវនាវដល់ក្រុមការងារទាំងអស់ ពេលចុះធ្វើវេទិកា សាធារណៈជាមួយបងប្អូនប្រជាពលរដ្ឋគប្បីត្រូវស្រង់ស្ថិតិបញ្ហារបស់ពួកគាត់ឲ្យបានគ្រប់ចំណុច ដែលពួកគាត់លើកមក ហើយបើបញ្ហាណាដែលយើងត្រូវដោះស្រាយបានភ្លាមៗគប្បីដោះស្រាយជូនពួកគាត់ និងបញ្ហាណា ដែលពិបាកត្រូវរាយការណ៍មកថ្នាក់លើដើម្បីពិចារណា នឹងធ្វើការដោះស្រាយជូនពួកគាត់៕
អត្ថបទ ៖ បាន ចក់




