អន្តរជាតិ៖ អនុរដ្ឋលេខាធិការទទួលបន្ទុកព័ត៌មានរបស់សេតវិមាន លោកស្រី ការីន ជីន ភៀរ៉េ បាននិយាយថា សេតវិមាននឹងបន្តធ្វើការជាមួយអង្គការសុខភាពពិភពលោក(WHO) នៅក្នុងការស៊ើបអង្កេត របស់ពួកគេនៅប្រទេសចិន ដើម្បីស្វែងរកឲ្យឃើញការពិតនៃដើមកំណើតការរីករាលដាលឆ្លងជំងឺ COVID-19។
ការលើកឡើងបែបនេះ បានធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី ចូ បៃដិន ស្នើសុំក្រុមមន្ត្រីចារកិច្ចសហរដ្ឋអាមេរិក កាលពីថ្ងៃពុធឲ្យបង្កើនទ្វេដងកិច្ចខិតខំរបស់ពួកគេស៊ើបអង្កេតរកប្រភពដើមនៃការរីករាលដាលឆ្លងសកលជំងឺ COVID-19 ដែលរួមទាំងលទ្ធភាពនៃដានចេញពីមន្ទីរពិសោធន៍ចិន ។
លោក បៃដិន បានស្នើសុំឲ្យទីភ្នាក់ងារចារកិច្ចសហរដ្ឋអាមេរិក រាយការណ៍មកវិញនូវការរកឃើញរបស់ពួកគេ ក្នុងរយៈពេល៩០ថ្ងៃទៀតនេះ។
លោក បៃដិន បានបញ្ជាមន្ទីរពិសោធន៍ជាតិសហរដ្ឋអាមេរិក ជួយដល់ការស៊ើបអង្កេត និងអំពាវនាវឲ្យចិនចូលរួមកិច្ចសហប្រតិបត្តិការជាមួយក្រុមស៊ើបអង្កេតអន្តរជាតិ រកប្រភពដើមនៃការរីករាលដាលឆ្លងសកល។
គួរឲ្យដឹងថា ក្រុមសាធារណរដ្ឋ ដែលរួមទាំងអតីតប្រធានាធិបតី ដូណាល់ ត្រាំ បានផ្សព្វផ្សាយទ្រឹស្តីថា វីរុសមួយនេះ កើតចេញពីឧប្បត្តិហេតុមន្ទីរពិសោធន៍ ជាជាងតាមរយៈការប៉ះពាល់បែបធម្មជាតិរបស់មនុស្សជាមួយសត្វឆ្លងវីរុស។
សហរដ្ឋអាមេរិក បច្ចុប្បន្ននៅតែបន្តឈរនាំមុខគេនៅលើពិភពលោក ជាមួយនឹងករណីឆ្លងជាង ៣៣.១លាននាក់ និងករណីស្លាប់ ៥៩១.០០០នាក់៕ អត្ថបទ៖ សារ៉ាត់