ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃអាទិត្យ (១០ កញ្ញា) នេះ ដោយសំអាងដល់ក្រុមអាជ្ញាធរថា សហភាពមីយ៉ាន់ម៉ា នឹងរៀបចំការបោះឆ្នោតបន្ទាប់ពីជំរឿនជាតិត្រូវបានបញ្ចប់នៅឆ្នាំ២០២៤ខាងមុខនេះ។
របាយការណ៍នោះបានបន្ថែមថា ជំរឿនជាតិនេះ នឹងរួមបញ្ចូលការចងក្រងទិន្នន័យមូលដ្ឋានសម្រាប់បញ្ជីបោះឆ្នោត ដើម្បីឱ្យប្រជាជនដែលមានសិទ្ធិបោះឆ្នោតទាំងអស់អាចបោះឆ្នោតបានទូទាំងប្រទេស ហើយការបោះឆ្នោតសកលអាចត្រូវបានធ្វើឡើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
សហភាពមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពចលាចលចាប់តាំងពីដើមឆ្នាំ២០២១មក នៅពេលដែលយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់អតីតមេដឹកនាំប្រទេសនេះ គឺលោកស្រី អ៊ុងសាន ស៊ូជី និងបានបង្ក្រាបលើក្រុមអ្នកប្រឆាំងនៃការគ្រប់គ្រងដោយយោធា ដោយមានមនុស្សរាប់ពាន់នាក់ត្រូវជាប់ពន្ធនាគារ ឬត្រូវបានសម្លាប់ផងដែរ៕


