កាលពីថ្ងៃសៅរ៍ (៩ កញ្ញា) ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា កិច្ចប្រជុំក្រុមប្រទេសទាំង២០ (G20) នៅចុងសប្តាហ៍នេះ ក្នុងប្រទេសឥណ្ឌា បានដំណើរការយ៉ាងល្អ បើទោះបីជាអវត្តមានប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក៏ដោយ។
ប្រធានាធិបតីចិនលោក ស៊ី ពុំបានចូលរួមកិច្ចប្រជុំកំពូលមួយនេះទេ និងបានបញ្ជូនលោកនាយករដ្ឋមន្ត្រី Li Qiang ឲ្យចូលរួមជំនួសវិញ ខណៈដែលប្រធានាធិបតីរុស្ស៊ី លោកវ្លាឌៅមៀ ពូទីន ក៏អវត្តមានក្នុងកិច្ចប្រជុំនេះផងដែរ។
ក្រុមប្រទេស G20 បានអនុម័តសេចក្តីប្រកាសឯកភាពមួយកាលពីថ្ងៃសៅរ៍ ដែលចៀសវាងការថ្កោលទោសរុស្ស៊ីចំពោះសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែបានអំពាវនាវឱ្យរដ្ឋទាំងអស់កុំប្រើកម្លាំងដើម្បីដណ្តើមយកទឹកដី។
ការមូលមតិគ្នានោះ បានកើតឡើងជាការភ្ញាក់ផ្អើលមួយនៅពេលដែលក្រុមប្រទេស G20 បានខ្វែងគំនិតគ្នាយ៉ាងស៊ីជម្រៅជុំវិញសង្រ្គាមនៅអ៊ុយក្រែន ដោយប្រទេសលោកខាងលិចមុននេះ ជំរុញឱ្យមានការថ្កោលទោសយ៉ាងខ្លាំងចំពោះរុស្ស៊ីនៅក្នុងសេចក្តីប្រកាសរបស់មេដឹកនាំ ខណៈដែលប្រទេសផ្សេងទៀតទាមទារឱ្យផ្តោតលើបញ្ហាសេដ្ឋកិច្ចទូលំទូលាយវិញ៕

