លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងបញ្ជាក់នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៣នេះថា ក្រសួងកសិកម្មនៅសល់ការងារជាច្រើនទៀតពាក់ព័ន្ធនឹងវិស័យស្រូវអង្ករសំដៅធ្វើយ៉ាងណាឱ្យកសិផលកម្ពុជាមានភាពប្រកួតប្រជែងប្រកបដោយនិរន្តភាព។
លោកថ្លែងថា គោលនយោបាយអាទិភាព ដើម្បីគាំទ្រវិស័យកសិកម្មត្រូវបានរាជរដ្ឋាភិបាល អាណត្តិថ្មី ប្រកាសរួចហើយ នៅក្នុងគោលនយោបាយ ៦ ចំណុចដែលត្រូវអនុវត្តភ្លាមៗ។
លោកបន្តថា «ដោយឡែកសម្រាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យើងនៅសល់ការងារជាច្រើនទៀតពាក់ពន្ធនឹងវិស័យស្រូវអង្ករ ដូចជាការពង្រីកទីផ្សារនាំចេញ ការកាត់បន្ថយថ្លៃដើម នៃធាតុចូលកសិកម្ម និងការចងកសិករជាសហគមន៍ជាដើម សំដៅធ្វើយ៉ាងណាឱ្យកសិផលកម្ពុជា មានភាពប្រកួតប្រជែងប្រកបដោយនិរន្តភាព»។
លោក ឃឹម ហ្វីណង់ បន្ថែមថា គោលនយោបាយផ្សេងៗទៀត នឹងត្រូវដាក់ចេញជាបន្តបន្ទាប់នាពេលខាងមុខ ដើម្បីបន្តដោះស្រាយបញ្ហាប្រឈមនានាដែលមាន និងជួយលើកកម្ពស់ជីវភាពកសិករ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានបង្ហាញទិន្នន័យថ្លៃស្រូវរបស់ប្រជាកសិករដែលបានលក់ចេញនៅខេត្តបាត់ដំបង ជាក់សែង បើធៀបទៅនឹងចលនាបំភ្លៃលើបណ្ដាញសង្គមរបស់ក្រុមអគតិមួយចំនួន។
ឯកឧត្តម ឌិត ទីណា បានថ្លែងថា ស្រូវបានឡើងថ្លៃខ្ពស់ ហើយក៏បានចុះមកវិញតែនៅតែជាតម្លៃខ្ពស់សម្រាប់ស្រូវស្រង៉ែ សមរម្យជូនកសិករមានប្រាក់ចំណេញ។ ឯកឧត្តមបញ្ជាក់ថា ទៅមុខស្រូវពូជសែនក្រអូប និងផ្ការំដួលរបស់ខ្មែរ នឹងទទួលការគាំទ្រខ្ពស់ពីគោលនយោបាយពូជសុទ្ធ៕ អត្ថបទ៖ វ៉ន ដារ៉ា