កំពង់ធំ៖ មេប៉ុស្តិ៍សំព្រោជ ដែលមានប្រវត្តិប្រព្រឹត្តិបទឧក្រិដ្ឋទាក់ទិននឹងករណីប្លន់ទូមាសនៅក្នុងផ្សារស្ទោងកាលពីឆ្នាំ២០១៥ ហើយទើបឡើងកាន់តួនាទីជាមេប៉ុស្តិ៍ថ្មីៗនេះ ត្រូវបានស្នងការនគរបាលខេត្តកំពង់ធំផ្អាកការងារបណ្ដោះអាសន្ននៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣នេះ។
យោងតាមលិខិតបង្គាប់ការរបស់ឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ដែលបានចេញនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ គឺបានសម្រេចបានផ្អាកការងារបណ្តោះអាសន្នចំពោះលោកអនុសេនីយ៍ឯក ហុង សារ៉ុម អត្តលេខ ៤៩៩៥៥ ឋានៈនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំព្រោជ អធិការដ្ឋាននគរបាលស្រុកស្ទោង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មូលហេតុពាក់ព័ន្ធសំណុំរឿងរបស់តុលាការ។ លោកអនុសេនីយ៍ឯក ហុង សារ៉ុម ត្រូវទៅបម្រើការងារនៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ រៀងរាល់ម៉ោងធ្វើការ រហូតដល់មានការសម្រេចជាថ្មី។
ប្រភពព័ត៌មានបានឱ្យដឹងថា ឈ្មោះ ហុង សារ៉ុម បានចូលធ្វើនគរបាលជាតិនៅឆ្នាំ១៩៩៣ ជាមន្ត្រីនគរបាលនៃអធិការដ្ឋានស្រុកបារាយណ៍ ក្រោយមកនៅឆ្នាំ២០០៩ បានផ្ទេរទៅនៅអធិការដ្ឋាននគរបាលស្រុកស្ទោង នៅឆ្នាំ២០១៤ កាន់តួនាទីជានាយរងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកស្ទោង និងមកដល់ថ្ងៃ០៨ ខែមីនា ឆ្នាំ២០១៥ ជាប់ចោទបទសមគំនិតប្លន់ទូមាសនៅផ្សារស្ទោង ក្រោយអនុវត្តទោសបានមួយរយៈក៏បានចេញពីពន្ធនាគារ ហើយនៅឆ្នាំ២០០៩ ក៏មកបម្រើការងារជានគរបាលរហូតបានកាន់តួនាទីជាមេប៉ុស្តិ៍ និងប្រកាសចូលកាន់តួនាទីនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ។
គួរបញ្ជាក់ថា ក្រោយឈ្មោះ ហុង សារ៉ុម ឡើងជាមេប៉ុស្តិ៍ភ្លាម ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានបង្ហោះសារតាមបណ្ដាញសង្គមជាបន្តបន្ទាប់ ហើយនៅថ្ងៃទី១០ ខែកញ្ញានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាឱ្យនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងស្នងការខេត្តកំពង់ធំ ធ្វើកាពិនិត្យ និងស្រាវជ្រាវជាបន្ទាន់ចំពោះករណីតែងតាំងមេប៉ុស្តិ៍ម្នាក់នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានប្រវត្តិប្រព្រឹត្តិបទឧក្រិដ្ឋនេះ។
តាមរយៈបណ្តាញសង្គមនាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ក្រោយពីបានទទួលព័ត៌មានតាមប្រភពផ្សេងៗរួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម ពាក់ព័ន្ធនឹងការតែងតាំងបុគ្គលម្នាក់ធ្វើជាមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ ខ្ញុំបានចេញបទបញ្ជាភ្លាមទៅ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យពិនិត្យ ស្រាវជ្រាវជាមួយ ឯកឧត្តម ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ជាបន្ទាន់។ ក្នុងករណីជារឿងពិត ត្រូវធ្វើការកែសម្រួលភ្លាម»។
សម្តេចបានបន្ថែមទៀតថា «ខ្ញុំសូមឱ្យមានការត្រួតពិនិត្យនិងវាយតម្លៃឲ្យបានច្បាស់លាស់ នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ ឲ្យបានហ្មត់ចត់មុននឹងធ្វើការតែងតាំង នៅតាមបណ្ដាស្ថាប័នរដ្ឋទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិនិងក្រោមជាតិ»៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា


