ភ្នំពេញ៖ គណៈប្រតិភូ នៃគណៈកម្មការអធិការកិច្ចវិន័យ នៃបក្សកុម្មុយនិស្តចិនខេត្តហឺណាន និងគណៈកម្មការត្រួតពិនិត្យកិច្ចការខេត្តហឺណាន នៅយប់ថ្ងៃទី១០ខែកញ្ញានេះ បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ដោយទទួលស្វាគមន៍ពីឯកឧត្តម អ៊ន បញ្ហា ឧបការី និងឯកឧត្តម អ៊ូ វិសាល អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងសន្តិសុខ នៃអ.ប.ព. ។ នេះជាដំណើរទស្សនកិច្ចផ្លូវការនៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍គ្នា ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយអន្តរជាតិ។
គណៈប្រតិភូមានចំនួន ៦ រូប គឺ៖
១. លោកស្រី Qu Xiaoli សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តហឺណាន, ជាលេខាធិការ នៃគណៈកម្មការអធិការកិច្ចវិន័យ នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តហឺណាន និងជាប្រធានគណៈកម្មការត្រួតពិនិត្យកិច្ចការខេត្តហឺ ណាន ។
២. លោក Wang Junfeng សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការវិន័យ នៃបក្សកុម្មុយនិស្តចិន ខេត្តហឺណា ។
៣. លោក Li Bingbing នាយករងការិយាល័យកិច្ចការបរទេស នៃរដ្ឋបាលខេត្តហឺណាន
៤. លោក Zhang Hao សមាជិក នៃគណៈកម្មាធិការអចិន្ត្រៃយ៍ នៃបក្សកុម្មុយនិស្តចិន ខេត្តស៊ីនជាំង, លេខាធិការ នៃគណៈកម្មការអធិការកិច្ចវិន័យបក្សកុម្មុយនិស្តចិន ក្រុងស៊ីនជាំង។
៥. ប្រធានគណៈកម្មការត្រួតពិនិត្យកិច្ចការក្រុងស៊ីនជាំង
៦. លោកស្រី Kong Jie អ្នកបកប្រែនៅការិយាល័យកិច្ចការបរទេស នៃរដ្ឋបាលខេត្តហឺណាន។
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ មានរយៈពេល ៣ ថ្ងៃ (ពីថ្ងៃទី ១០ ដល់ ១២ កញ្ញា) ហើយនៅថ្ងៃទី ១១ ខែកញ្ញា នឹងមានជំនួបទ្វេភាគីរវាង អង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយ កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និង គណៈប្រតិភូខេត្តហឺណាន ។ នៅពេលរសៀលថ្ងៃដដែល នឹងមានជំនួបការងារជាមួយ អភិបាលខេត្តសៀមរាប និងប្រធានមន្ទីរអធិការកិច្ចខេត្តសៀមរាបរួមទាំងអញ្ជើញទៅទស្សនាប្រាសាទអង្គរវត្តផងដែរ៕




