អូស្ត្រាលី៖ នាយរដ្ឋមន្ត្រីអូស្ត្រាលី លោកស្កុត ម៉ូរីសុន បាននិយាយថា ០៧ថ្ងៃបន្ទាប់នឹងក្លាយជាការងារលំបាកមួយ សម្រាប់រដ្ឋវិចតូរៀ ក្នុងការទប់ស្កាត់ជំងឺ COVID-19 ស្របពេលដែលរដ្ឋមួយនេះ បិទខ្ទប់ជាលើកទី៤ ចាប់តាំងពីការរីករាលដាលឆ្លងសកលវីរុសដ៏កាចសាហាវមួយនេះ។
លោកម៉ូរីសុន បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងទីក្រុងកាន់បេរ៉ានាថ្ងៃព្រហស្បតិ៍នេះថា វានឹងក្លាយជាបិទខ្ទប់រយៈពេល ០៧ថ្ងៃ សង្ឃឹមថានឹងមិនអូសបន្លាយពេលទៀតនោះទេ។
ការបិទខ្ទប់រយៈពេល ០៧ថ្ងៃ នៅទីក្រុងមែលប៊ូន ដែលធ្លាប់ជាតំបន់រងផលប៉ះពាល់ខ្លាំងបំផុតដោយសារជំងឺCOVID-19 និងតំបន់ផ្សេងទៀតនៅក្នុងរដ្ឋវិចតូរៀ បានកើតមានឡើង ក្រោយរកឃើញករណីឆ្លងជាក្រុម ២៦នាក់ នៅក្នុងទីក្រុងមួយនេះ។
ករណីឆ្លងជាក្រុមនៅទីក្រុងមែលប៊ូន ត្រូវបានរកឃើញក្រោយអ្នកដំណើរម្នាក់មកពីប្រទេសឥណ្ឌា បានឆ្លងវីរុសបម្លែងខ្លួនថ្មី ខណៈដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកក្នុងសណ្ឋាគាររដ្ឋអូស្ត្រាលីខាងត្បូង កាលពីដើមខែនេះ។
អ្នកដំណើររូបនោះ មិនបានចេញរោគសញ្ញានោះទេ រហូតដល់លោកវិលត្រឡប់មកផ្ទះរបស់លោកនៅទីក្រុងមែលប៊ូន៕ អត្ថបទ៖ សារ៉ាត់