ស៊ូដង់៖ យោងតាមក្រុមវេជ្ជសាស្រ្ដបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស៤៣នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសលើផ្សារមួយកន្លែងក្នុងរដ្ឋធានី Khartoum ប្រទេសស៊ូដង់ កាលពីថ្ងៃអាទិត្យ (១០ កញ្ញា)។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមវេជ្ជបណ្ឌិតរបស់ស៊ូដង់បាននិយាយថា មនុស្ស៥៥នាក់ ក៏បានរងរបួសផងដែរនៅក្នុងការវាយប្រហារដែលបានកំណត់គោលដៅផ្សារបើកចំហមួយ នៅក្នុងសង្កាត់ Mayo ក្នុងភាគខាងត្បូងរដ្ឋធានី Khartoum។
គេមិនទាន់ដឹងថានរណាជាអ្នកនៅពីក្រោយការវាយប្រហារតាមអាកាសនេះទេ ហើយការវាយប្រហារនេះកើតមានស្របពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងកងទ័ពស៊ូដង់ និងក្រុមកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ក្នុងរដ្ឋធានីនៃប្រទេសនេះ។
យោងតាមក្រុមគ្រូពេទ្យក្នុងតំបន់បានឱ្យដឹងថា ជនស៊ីវិលជាង៣.០០០នាក់ ត្រូវបានសម្លាប់ និងរាប់ពាន់នាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នារវាងកងទ័ពស៊ូដង់ និងក្រុមទាហានប៉ារ៉ាចាប់តាំងពីខែមេសា មក។
កិច្ចព្រមព្រៀងឈប់បាញ់ជាច្រើន ដែលសម្របសម្រួលដោយអារ៉ាប៊ីសាអូឌីត និងអាមេរិក បានបរាជ័យក្នុងការបញ្ចប់អំពើហិង្សាក្នុងប្រទេសមួយនេះ៕


