តៃវ៉ាន់៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបានរៀបចំកិច្ចពិភាក្សាកម្រិតខ្ពស់បំផុតរបស់លោកជាមួយថ្នាក់ដឹកនាំចិនក្នុងរយៈពេលជាច្រើនខែ ដោយបន្ថែមថា វិបត្តិសេដ្ឋកិច្ចរបស់ទីក្រុងប៉េកាំងនឹងមិននាំឲ្យប្រទេសនេះមានឱកាសតិចតួចក្នុងការក្រសោមយកកោះតៃវ៉ាន់។
លោក Biden បាននិយាយថា លោកបានជួបមេដឹកនាំកំពូលលំដាប់ទី២ របស់លោកប្រធានាធិបតី Xi Jinping គឺលោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីចិន នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ G20 ក្នុងទីក្រុង New Delhi ប្រទេសឥណ្ឌា។ កិច្ចពិភាក្សានេះគឺជាកិច្ចប្រជុំកម្រិតខ្ពស់បំផុតរវាងមហាអំណាចទាំងពីរក្នុងរយៈពេលជិត ១០ ខែចាប់តាំងពីលោក Biden និង Xi បានជួបគ្នានៅឯ G20 កាលពីឆ្នាំមុននៅក្នុងប្រទេសឥណ្ឌូនេស៊ី។
លោក Li ដែលបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកាលពីខែមីនា បានចូលរួមក្នុងការប្រមូលផ្តុំមេដឹកនាំពិភពលោកជំនួសលោក Xi។ មេដឹកនាំទាំងពីរមិនត្រូវបានគេរំពឹងថានឹងរៀបចំកិច្ចពិភាក្សានៅឯ G20 ទេ ប៉ុន្តែការជួបគ្នាដែលពុំបានរៀបចំទុកជាមុននៅក្នុងកិច្ចប្រជុំកំពូលគឺជារឿងធម្មតា។
លោក Biden បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ក្រុមរបស់ខ្ញុំ បុគ្គលិករបស់ខ្ញុំនៅតែជួបជាមួយមនុស្សរបស់លោកប្រធានាធិបតី Xi និងគណៈរដ្ឋមន្ត្រីរបស់លោក។ ខ្ញុំបានជួបជាមួយមនុស្សលំដាប់ទី២ របស់លោកនៅក្នុងប្រទេសឥណ្ឌានៅថ្ងៃនេះ ។ លោកបានបន្ថែមថា យើងបាននិយាយអំពីស្ថិរភាព និងអឌ្ឍគោលខាងត្បូង។ នេះពុំមែនជាការប្រឈមមុខដាក់គ្នាទាល់តែសោះ។
សេតវិមានកាលពីថ្ងៃអាទិត្យបាននិយាយថាលោក Biden បានជួបជាមួយមេដឹកនាំចិននៅឯកិច្ចប្រជុំកំពូល។មហាអំណាចទាំងពីរបាននិងកំពុងព្យាយាមធ្វើឱ្យទំនាក់ទំនងល្អប្រសើរឡើងវិញនៅឆ្នាំនេះ បន្ទាប់ពីមានការប៉ះទង្គិចគ្នាលើបាឡុងចារកម្មចិនដែលសង្ស័យថាបានហោះលើទឹកដីសហរដ្ឋអាមេរិក ខណៈក្ដីបារម្ភនៃការធ្លាក់ចុះសេដ្ឋកិច្ចបានគ្របដណ្តប់ទីក្រុងប៉េកាំង៕
