អាហ្វហ្គានីស្ថាន៖ ពួកតាលីបង់អាហ្វហ្គានីស្ថាន បានរិះគន់ការបិទច្រកព្រំដែនដ៏សំខាន់របស់ខ្លួនជាមួយប្រទេសប៉ាគីស្ថានកាលពីសប្តាហ៍មុន បន្ទាប់ពីការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខ ដោយនិយាយថា ការផ្អាកពាណិជ្ជកម្ម នឹងធ្វើឲ្យមានការខាតបង់ដ៏ធ្ងន់ធ្ងរសម្រាប់អាជីវកម្ម។
ច្រកព្រំដែន Torkham ដ៏មមាញឹក ដែលត្រូវបានបិទកាលពីថ្ងៃពុធ បន្ទាប់ពីកងកម្លាំងតាលីបង់ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានចាប់ផ្តើមបាញ់ប្រហារគ្នាទៅវិញទៅមក នេះបើយោងតាមក្រុមមន្ត្រីក្នុងតំបន់។
ក្រសួងការបរទេសរបស់រដ្ឋបាលតាលីបង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃសៅរ៍ថា៖«ប្រទេសឥស្លាមអេមីរ៉ាតនៃប្រទេសអាហ្វហ្គានីស្ថាន ចាត់ទុកថា ការបិទច្រកព្រំដែន Torkham និងការបើកការបាញ់ប្រហារទៅលើកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន ដោយភាគីប៉ាគីស្ថានផ្ទុយពីភាពអ្នកជិតខាងដ៏ល្អ។
សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា ឧប្បត្តិហេតុនេះ បានចាប់ផ្តើម បន្ទាប់ពីកងកម្លាំងសន្តិសុខប៉ាគីស្ថាន បានបាញ់ទៅលើកងកម្លាំងតាលីបង់អាហ្វហ្គានីស្ថាន ដែលកំពុងជួសជុលប៉ុស្តិ៍សន្តិសុខចាស់មួយ នៅជិតព្រំដែន។ ការិយាល័យកិច្ចការបរទេសប៉ាគីស្ថាន ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕

