នីហ្ស៊េរីយ៉ា៖ យ៉ាងហោចណាស់មនុស្ស២៦នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីសាឡាងមួយបានក្រឡាប់នៅលើអាងស្តុកទឹកមួយ នៅភាគខាងជើង កណ្តាលប្រទេសនីហ្ស៊េរីយ៉ា កាលពីថ្ងៃអាទិត្យ (១០ កញ្ញា) ជាឧបទ្ទវហេតុដ៏ធំលើកទីពីរ ដែលបានវាយប្រហារតំបន់នេះក្នុងរយៈពេលបីខែ។
លោក Bologi Ibrahim អ្នកនាំពាក្យរបស់អភិបាលរដ្ឋនីហ្ស៊េ ប្រទេសនីហ្ស៊េរីយ៉ា បាននិយាយថា សាឡាងនោះបានដឹកមនុស្សជាង១០០នាក់ រួមទាំងស្ត្រី និងកុមារជាច្រើននាក់ នៅក្នុងតំបន់រដ្ឋាភិបាល Mokwa នៃរដ្ឋនេះ។ លោក Ibrahim បាននិយាយថា ជនរងគ្រោះទាំងនោះ កំពុងធ្វើដំណើរទៅកសិដ្ឋានរបស់ពួកគេ ដោយឆ្លងកាត់ទំនប់ដ៏ធំមួយ។
គួររម្លឹកផងដែរថា កាលពីខែកក្កដា មនុស្សជាង១០០នាក់ បានស្លាប់នៅពេលដែលទូកផ្ទុកលើសទម្ងន់បានក្រឡាប់នៅតំបន់ដាច់ស្រយាលនៃរដ្ឋនីហ្សេ ក្នុងប្រទេសនីហ្ស៊េរីយ៉ា ដែលជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតមួយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
ការផ្ទុកមនុស្សច្រើនលើសកំណត់ និងការថែទាំមិនល្អ គឺជាមូលហេតុចំពោះគ្រោះថ្នាក់ទូកភាគច្រើននៅលើផ្លូវទឹករបស់នីហ្ស៊េរីយ៉ា៕

