ម៉ារ៉ុក៖ មានការផ្តល់ជំនួយ និងប្រតិកម្មជាច្រើនផ្សេងទៀតពីរដ្ឋាភិបាលបរទេស ចំពោះការរញ្ជួយដីដ៏ខ្លាំងក្លា ដែលបានវាយប្រហារប្រទេសម៉ារ៉ុកកាលពីល្ងាចថ្ងៃសុក្រ (៨ កញ្ញា) ដោយបានសម្លាប់មនុស្សជាង២.១០០នាក់ និងបំផ្លាញអគារជាច្រើន នៅក្នុងការរញ្ជួយដ៏មហន្តរាយបំផុត ដែលបានវាយប្រហារប្រទេសនេះក្នុងរយៈពេលជាច្រើនទសវត្សរ៍មក។
ប្រទេសអាល់ហ្សេរី ដែលបានផ្តាច់ទំនាក់ទំនងជាមួយប្រទេសម៉ារ៉ុកកាលពីពីរឆ្នាំមុនបាននិយាយថា ខ្លួននឹងបើកដែនអាកាសរបស់ខ្លួន សម្រាប់ការហោះហើរជំនួយមនុស្សធម៌ និងវេជ្ជសាស្រ្តទៅកាន់ប្រទេសម៉ារ៉ុក។
ក្រសួងការបរទេសទួរគីបាននិយាយថា ទីក្រុងអង់ការ៉ាបានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ការគាំទ្រគ្រប់ប្រភេទ «ដើម្បីព្យាបាលអ្នករបួសពីការរញ្ជួយដីនៅប្រទេសម៉ារ៉ុក»។
លើសពីនេះ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយថា ពួកយើងកំពុងស្ថិតក្នុងដំណើរការរៀបចំការគាំទ្រសម្រាប់ម៉ារុក។ សហរដ្ឋអាមេរិក ក៏បានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយចាំបាច់ណាមួយ ខណៈប្រទេសម៉ារ៉ុក កំពុងឆ្លើយតបនឹងសោកនាដកម្មនេះផងដែរ។
បន្ថែមពីលើនេះ ប្រទេសបារាំង បានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយរបស់ខ្លួនភ្លាមៗសម្រាប់ការជួយសង្គ្រោះ និងជំនួយដល់ប្រជាជន ដែលរងផលប៉ះពាល់ដោយសោកនាដកម្មនេះ។
ជាមួយគ្នានេះដែរ ប្រទេសជាច្រើនទៀត រួមមាន អេស្បាញ អ៊ីស្រាអែល ទុយនេស៊ី គុយវ៉ែត រូម៉ានី អារ៉ាប់រួម ឥណ្ឌា រុស្ស៊ី កោះតៃវ៉ាន់ និងស្ថាប័នរបិយវត្ថុអន្តរជាតិ (IMF) ក៏បានសម្តែងការរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាល និងប្រជាជនម៉ារ៉ុក ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការគាំទ្រណាមួយដែលត្រូវការដល់ប្រទេសនេះផងដែរ៕

