កាតា៖ នៅពេលដែលមូលនិធិអ៊ីរ៉ង់ចំនួន ៦ពាន់លានដុល្លារ ត្រូវបានភ្ជាប់ទៅធនាគារមួយចំនួននៅក្នុងប្រទេសកាតា នៅដើមសប្តាហ៍ក្រោយ វានឹងធ្វើឲ្យមានដំណើរការតាមលំដាប់លំដោយយ៉ាងប្រុងប្រយ័ត្ន ដែលនឹងឃើញជនជាតិអាមេរិកចំនួន៥នាក់ ដែលត្រូវបានឃុំឃាំង ចាកចេញពីប្រទេសអ៊ីរ៉ង់ និងអ្នកទោសអ៊ីរ៉ង់ចំនួនដូចគ្នា ដែលត្រូវបានឃុំខ្លួននៅសហរដ្ឋអាមេរិក ហោះទៅត្រឡប់ទៅប្រទេសមកវិញ នេះបើយោងតាមប្រភពជនជាតិអ៊ីរ៉ង់៨រូប និងប្រភពផ្សេងទៀតដែលដឹងច្បាស់អំពីការចរចា ដែលបាននិយាយជាមួយសារព័ត៌មានរ៉យទ័រ។
ជាជំហានដំបូង ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី១០ ខែសីហា បានដោះលែងពលរដ្ឋអាមេរិក៤នាក់ពីពន្ធនាគារ Evin នៃទីក្រុងតេអេរ៉ង់ ឲ្យទៅឃុំខ្លួននៅក្នុងផ្ទះ ជាកន្លែងដែលពួកគេចូលរួមជាមួយអ្នកទី៥នាក់ ដែលស្ថិតនៅក្រោមការឃុំខ្លួននៅក្នុងផ្ទះ។ ក្រោយមក នៅថ្ងៃនោះ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក អង់តូនី ប៊្លីនខិន (Antony Blinken) បានហៅចំណាត់ការនេះថា ជាជំហានដំបូងនៃដំណើរការដែលនឹងនាំទៅដល់ការវិលត្រឡប់របស់ពួកគេទៅកាន់ប្រទេសកំណើតវិញ។
រដ្ឋបាលសហរដ្ឋអាមេរិក បាននិយាយថា ពួកគេរួមមានពាណិជ្ជករជាច្រើនរូប ដូចជាលោក Siamak Namazi មានវ័យ ៥១ ឆ្នាំ និងលោក Emad Sharqi មានវ័យ៥៩ ឆ្នាំ ក៏ដូចជាអ្នកបរិស្ថាន លោក Morad Tahbaz មានវ័យ៦៧ឆ្នាំ ដែលមានសញ្ជាតិអង់គ្លេសផងដែរ។ គ្រួសាររបស់លោក Tahbaz និង លោក Shargi ពុំបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។ មេធាវីរបស់គ្រួសារលោក Namazi បានបដិសេធមិនធ្វើការអត្ថាធិប្បាយទេ៕


