ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិ U23 អារ៉ាប់ប៊ីសាអូឌីត នារាត្រីថ្ងៃទី១២ ខែកញ្ញាស្អែកនេះ ដើម្បីកំណត់ជោគវាសនាក្រុមត្រូវឡើងវគ្គបន្ដ នៃពានរង្វាន់យុវជនអាយុក្រោម ២៣ឆ្នាំប្រចាំទ្វីបអាស៊ី AFC U23 Asian Cup Qatar 2024 ។
ជំនួបកាត់សេចក្ដី នៃវគ្គជម្រុះពានរង្វាន់យុវជនអាយុក្រោម ២៣ឆ្នាំប្រចាំទ្វីបអាស៊ីនេះ នឹងធ្វើឡើងនៅពហុកីឡដ្ឋានព្រះអង្គម្ចាស់ស៊ុលតង់ ប៊ីន អាប់ឌុល អាហ្ស៊ីស្ហ អារ៉ាប៊ីសាអូឌីត ។ នេះគឺជាការប្រកួតដ៏សំខាន់ ពិសេសក្រុមគោព្រៃជំទង់កម្ពុជា ដែលត្រូវការជ័យជម្នះ ដើម្បីធានាកៅអីវគ្គបន្ដ។

គួរដឹងថា មុនឈានដល់ជំនួបបញ្ចប់ពូល J ក្រុមជម្រើសជាតិ U23 កម្ពុជា គឺបានយកឈ្នះក្រុមជម្រើសជាតិ U23 ម៉ុងហ្គោលី ដោយលទ្ធផល ២-១ កាលពីចុងសប្ដាហ៍កន្លងទៅ ដែល ២គ្រាប់របស់ក្រុមគោព្រៃជំទង់ ធ្វើសម្រេចក្នុងវគ្គទី១ ដោយកីឡាករ ស រតនា និង សារ ទី មុនម៉ុងហ្គោលី វាយបកបាន ១គ្រាប់វិញ នៅវគ្គទី២ ។
ជ័យជម្នះនេះ បានធ្វើឲ្យក្រុមជម្រើសជាតិ U23 កម្ពុជា មាន ៤ពិន្ទុ និងឈរលេខ២ បណ្ដោះអាសន្ន តាមពីក្រោយក្រុមក្រុមម្ចាស់ផ្ទះអារ៉ាប់ប៊ីសាអូឌីតដែលមាន ៦ពិន្ទុពេញ ក្រោយឈ្នះ ២ប្រកួតជាប់គ្នា ។ ដូច្នេះជំនួបចុងក្រោយ ជាមួយអារ៉ាប់ប៊ីសាអូឌីតស្អែក ប្រសិនបើកកម្ពុជា ឈ្នះនឹងទទួលបានកៅអីវគ្គ ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ ។

ប៉ុន្ដែករណីបើការប្រកួតចុងក្រោយស្អែកនេះ ស្មើគ្នា ឬកម្ពុជាចាញ់ កម្ពុជាប្រឈមនឹងការបាត់បង់ឱកាសឡើងវគ្គបន្ដ ដ្បិតបច្ចុប្បន្ន បើគិតពីចំណាត់ថ្នាក់លេខ២ ល្អជាងគេ កម្ពុជាទើបមាន ១ពិន្ទុប៉ុណ្ណោះ ពីការប្រកួតស្មើក្រុម U23 លីបង់ ខណៈជ័យជម្នះលើម៉ុងហ្គោលី មិនត្រូវបានរាប់បញ្ចូលនោះទេ ដោយសារពូលខ្លះ មាន ៣ក្រុម និងពូលខ្លះមាន ៤ពិន្ទុ ។
គួរដឹងថា វគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup Qatar 2024 គឺមាន ៤៣ក្រុមចូលរួម និងចែកចេញជា ១១ពូល ដើម្បីធ្វើការប្រកួត និងចម្រាញ់រកក្រុមកំពូលតារាង នៃពូលនីមួយៗ ព្រមទាំងក្រុមលេខ២ ល្អជាងគេ ៤ក្រុម ឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ដែលគ្រោងធ្វើការប្រកួតពីថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ នៅប្រទេសកាតា ៕ អត្ថបទ លី ឈុនឡា

