ភ្នំពេញ៖ ក្រសួងយុត្តិធម៌ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កំពុងពិភាក្សារៀបចំបែបបទ និងនីតិវិធីសម្រាប់ការស្នើសុំព្រឹត្តិបត្រថ្កោលទោសតាមរយៈស្ថានតំណាងកម្ពុជា នៅតាមបណ្ដាប្រទេសនានា តាមបែបឌីជីថល ខណៈពេលវេលាជាក់លាក់ចំពោះការដាក់ឱ្យដំណើការសេវានេះក្រសួង នឹងជូនដំណឹងនាពេលខាងមុខ។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ បានឱ្យដឹងថា កន្លងមកនេះ ក្រសួងយុត្តិធម៌បានធ្វើការអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ដើម្បីផ្តល់នូវសេវាឆាប់រហ័ស និងភាពងាយស្រួលជូនដល់សាធារណជន ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រថ្កោលទោស ដោយបានដាក់ឱ្យដំណើរការ ជំហានទី១ លើការផ្តល់សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល កាលពីខែកុម្ភៈ ឆ្នាំ២០២៣។
ជាមួយគ្នានេះ ក្រសួងយុត្តិធម៌ក៏បាននិងកំពុងបន្តធ្វើការអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ក្នុងជំហានទី២ ដើម្បីផ្តល់ នូវភាពឆាប់រហ័ស និងភាពងាយស្រួលជូនដល់សាធារណជនបន្ថែមទៀត ក្នុងគោលដៅកាត់បន្ថយការ ចំណាយលើពេលវេលា និងថវិកា ជូនសាធារណជនក្នុងការស្នើសុំព្រឹត្តិបត្រថ្កោលទោស ស្របតាមយុទ្ធសាស្ត បញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។
ចំពោះប្រជាពលរដ្ឋនៅក្រៅប្រទេស ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រថ្កោលទោស ក្រសួងយុត្តិធម៌ បាននិងកំពុងសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីពិភាក្សារៀបចំបែបបទ និងនីតិវិធីសម្រាប់ការស្នើសុំព្រឹត្តិបត្រថ្កោលទោសតាមរយៈស្ថានតំណាងកម្ពុជា នៅតាមបណ្តាប្រទេសនានា ហើយក្រសួងយុត្តិធម៌នឹងធ្វើការជូនដំណឹងអំពីបែបបទ និងនីតិវិធីនៃការស្នើសុំព្រឹត្តិបត្រថ្កោលទោសសម្រាប់ ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស នាពេលខាងមុខ។
ក្រសួងបញ្ជាក់ថា៖«ក្រសួងយុត្តិធម៌ នឹងជូនដំណឹងអំពីពេលវេលាជាក់លាក់នៃការដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោស ឌីជីថល ក្នុងជំហានទី២ នាពេលឆាប់ៗខាងមុខនេះ»៕